ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២នៃរដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ នៅក្រោមការដឹកនាំរបស់ គណបក្សកម្មុយនិស្តចិន ប្រទេសចិនសម្រេចបានជោគជ័យ និងសមិទ្ធផលធំៗជាច្រើន ក្នុងវិស័យសេដ្ឋកិច្ច ការទូត ការគាំពារសង្គម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត ដែលនេះគឺជាការខិតខំដ៏សំខាន់ ដើម្បីវឌ្ឍនភាពសាកលលោក ហើយក៏ជាកម្លាំងសំខាន់ ក្នុងការជំរុញឱ្យមានសណ្ដាប់ធ្នាប់ ពិភពលោកប្រកបដោយយុត្តិធម៌ និងបរិយាប័ន្នផងដែរ។
ក្នុងពេលទទួលបទសម្ភាសន៍ ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន លោកស្រីបានលើកឡើងបន្តថា គណបក្សកម្មុយនិស្តចិនដឹកនាំប្រទេសចិន ឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២ ក្នុងពិភពលោក។ “នៅក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តចិន ប្រទេសចិនបានចូលរួមយ៉ាងធំធេង ទៅដល់វឌ្ឍនភាពផ្នែកសង្គម និងសេដ្ឋកិច្ចរបស់មនុស្សជាតិ។ ប្រទេសចិននឹងបន្តដើរតួនាទី ក្នុងការកសាងសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍពិភពលោក និងថែរក្សាសណ្ដាប់ធ្នាប់អន្តរជាតិ។”
លោកស្រីយល់ឃើញថា គណបក្សកម្មុយនិស្តចិន តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនចិន។ នេះក៏ដោយសារមានថ្នាក់ដឹកនាំ ដែលប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មានទស្សនៈនយោបាយ “យកប្រជាជនជាចំណុចស្នូលចម្បង” ព្រមទាំងទទួលបានជោគជ័យ ក្នុងការកាត់បន្ថយអំពើពុករលួយ និងការកាត់បន្ថយភាពក្រីក្រជាដើម។ តាមចំណាប់អារម្មណ៍របស់លោកជំទាវ លោកជំទាវយល់ឃើញថា សមាជិកគណបក្សកម្មុយនិស្តចិន មានការប្ដេជ្ញាចិត្ត មានវិន័យក្នុងការរស់នៅ និងការបំពេញភារកិច្ចជូនប្រជាជន បក្ស និងរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត លើការដឹកនាំរបស់បក្សនិងថ្នាក់ដឹកនាំបក្ស។
លោកស្រី ឃួន សុដាវី បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តចិន ប្រទេសចិនបានរំដោះប្រជាជនប្រមាណជិត ៨០០លាននាក់ ចេញពីភាពក្រីក្រដែលនេះ គឺជាភាពជោគជ័យដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន បានចូលរួមកាត់បន្ថយភាពក្រីក្រជាង ៧០% នៃប្រជាជនក្រីក្រលើពិភពលោក។ ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន គឺជាជោគជ័យដ៏អច្ឆរិយៈ ហើយបទពិសោធន៍កាត់បន្ថយ ភាពក្រីក្ររបស់ចិនអាចក្លាយជាគំរូ សម្រាប់ប្រទេសកំពុងអភិវឌ្ឍដទៃទៀតផងដែរ។
លោកស្រីបន្តលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្ដម ស៊ី ជីនភីង ចិនបានចំណាយពេលជាង ៨ឆ្នាំ ក្នុងការលុបបំបាត់ភាពក្រីក្របំផុតបានទាំងស្រុង ពោលគឺចិនបានធ្វើឱ្យប្រជាជនក្រីក្រនៅជនបទជិត ១០០លាននាក់ចេញផុតពីភាពក្រីក្រទាំងស្រុង។ កិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តនេះ បានបង្ហាញកាន់តែច្បាស់នូវគោលដៅ អាទិភាពរបស់គណបក្សកម្មុយនិស្តចិន គឺការតម្កល់សុខុមាលភាព និងជីវភាពរបស់ប្រជាជនចិនជាចម្បង។ ប្រទេសចិនក៏បានសម្រេចបានក្ដីសុបិនសតវត្សរ៍ទី១ របស់ខ្លួន គឺចង់ឱ្យប្រជាជនចិនមានកម្រិត ជីវភាពធូរធារមធ្យមគ្រប់ជ្រុងជ្រោយ។ ការសម្រេចរបស់គណបក្សកម្មុយនិស្តចិន មិនត្រឹមតែនាំមកនូវវិបុលភាព ចំពោះប្រជាជនចិនប៉ុណ្ណោះទេ តែថែមទាំងដល់ប្រជាជនក្នុងតំបន់ និងពិភពលោកទៀតផង។
លោកស្រី បានមានប្រសាសន៍ផងដែរថា ការអភិវឌ្ឍរយៈពេល១០០ឆ្នាំ របស់គណបក្សកម្មុយនិស្តចិននេះ បានផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ ចំពោះពិភពលោកផងដែរ។ ប្រទេសចិនមិនបាននាំចូលនូវ គំរូអភិវឌ្ឍន៍ពីប្រទេសណាទេ ហើយប្រទេសចិននឹងមិននាំ ចេញគំរូអភិវឌ្ឍន៍ទៅប្រទេសណាដែរ ប៉ុន្តែភាព អច្ឆរិយៈនៃការអភិវឌ្ឍរបស់ប្រទេសចិន ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយភាពជោគជ័យដ៏អច្ឆរិយៈរបស់ ចិននេះ បានជំរុញទឹកចិត្តដល់ប្រទេសដទៃៗទៀត ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ឱ្យជ្រើសរើសវិថីនៃការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន តាមលក្ខណៈពិសេសរបស់ខ្លួន។
ការណ៍ដែលប្រទេសចិន បានទប់ស្កាត់ជំងឺកូវីដ១៩ដោយជោគជ័យ ហើយផ្ដល់ជំនួយក្នុងកិច្ចសហ ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅកាន់ប្រទេសយ៉ាងច្រើន ដែលក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ គឺជាភស្តុតាងដ៏ថ្មីបំផុតមួយ។ រដ្ឋាភិបាលចិនក្រោមការដឹកនាំ របស់គណបក្សកម្មុយនិស្តចិន បានចែក រំលែកព័ត៌មានស្ដីពីការរីករាលដាលជំងឺកូវីដ១៩ ដល់សហគមន៍អន្តរជាតិប្រកបដោយតម្លាភាព និងទាន់ពេលវេលា ផ្ដល់ជំនួយជាគ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារកូវីដ១៩ ទៅកាន់ប្រទេសជាច្រើន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយប្រទេសទាំងអស់នេះ។ ប្រទេសចិនក៏បានចាត់ទុកវ៉ាក់សាំងកូវីដ១៩ ដែលស្រាវជ្រាវរកឃើញដោយប្រទេសចិនថាជា “ទ្រព្យសម្បត្តិសាធារណៈ សកល” ថែមទៀតផង។
ក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីសាធារណរដ្ឋ ប្រជាមានិតចិនបានបង្កើតឡើងមក ប្រទេសចិនបានរៀបចំបញ្ជូនជំនួយ ជាធនធានមនុស្សជាង៦សែននាក់ និងជាទឹកប្រាក់ជិត ៤០០ប៊ីលានយាន់ (៥៧ប៊ីលានដុល្លារ) ទៅកាន់ ១៦៦ប្រទេស និងស្ថាប័នអន្តរជាតិ ដើម្បីជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ជូនប្រទេសកំពុងអភិវឌ្ឍ។ តាមរបាយការណ៍របស់ធនាគារពិភពលោក គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ នឹងជួយប្រជាជនក្នុងប្រទេសផ្សេងៗជាង ៧លាន៦សែននាក់ ឱ្យចេញផុតពីភាពក្រីក្រខ្លាំងបំផុត និងជួយប្រជាជន ជាង៣២លាននាក់ ចេញផុតពីភាពក្រីក្រមធ្យម។
លោកស្រី ឃួន សុដាវី យល់ឃើញថា គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ នឹងចូលរួមចំណែកដល់ការស្ដារឡើងវិញ នូវកំណើនសេដ្ឋកិច្ចពិភពលោក ក្រោយពីវិបត្តិជំងឺកូវីដ១៩។ រួមសេចក្ដីមក គណបក្សកម្មុយនិស្តចិនមិនត្រឹមតែ បានដឹកនាំប្រទេសចិនឱ្យទទួលបាន នូវភាពជោគជ័យក្នុងការអភិវឌ្ឍជាតិ ដែលទទួលបានចំណាប់អារម្មណ៍ ទូទាំងសកលលោកប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីជាវិជ្ជមាន យ៉ាងសំខាន់នៅក្នុងកិច្ចការពារ សណ្ដាប់ធ្នាប់អន្តរជាតិ កិច្ចជំរុញវឌ្ឍនភាពតាមបែបលទ្ធិពហុភាគីនិយម និងការប្រឈមផ្សេងៗ នៅទូទាំងសកលលោក។
ជាចុងក្រោយលោកស្រី បានមានប្រសាសន៍ជូនពរថា “ខ្ញុំសូមជូនពរប្រទេសចិននៅក្រោម ការដឹកនាំរបស់គណបក្សកម្មុយនិស្តចិន អាចធ្វើដំណើរទៅកាន់ គោលដៅសតវត្សរ៍ទី២ ដែលប្រែក្លាយប្រទេសចិនឱ្យទៅ ជាប្រទេសសង្គមនិយមទំនើបអស្ចារ្យ ប្រកបដោយភាពរលូន និងជោគជ័យតាមការគ្រោងទុក” ៕