ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ វាយប្រហារខេត្ត យ៉ុនណាន ភាគនីរតីប្រទេសចិន

ប៉េកាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បានអង្រួននៅខេត្ត យ៉ុនណាន (Yunnan)ស្ថិតនៅភាគនីរតី នៃប្រទេសចិន កាលពីថ្ងៃសុក្រ ។

ទីភ្នាក់ងារបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង២១និង៤៨នាទី ត្រូវនឹងម៉ោង១៣និង៤៨នាទី ម៉ោងសកល ជាមួយនឹងចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះនៅក្រុង Dali ដែលជារម្មណីយដ្ឋាន ទេសចរណ៍ដ៏ទាក់ទាញមួយ ហើយមានជម្រៅ១០គីឡូម៉ែត្រ ។

តាមការវាយតម្លៃបឋមបានកត់ត្រាថា គ្រោះរញ្ជួយដីមានកម្រិត៦.០រ៉ិចទ័រ នៅមុនពេលធ្វើការកែសម្រួលដែលបានបង្កើនកម្លាំងរញ្ជួយដោយទីភ្នាក់ USGS ។

មជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន (CENC) បានព្រមានដល់ពលរដ្ឋ សូមឲ្យ”នៅឆ្ងាយពីអគារ” ដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ដូចវេទិកា Weibo ដែរ” ។

មិនទាន់មានរបាយការណ៍បន្ទាន់ណាមួយ ដែលបានបញ្ជាក់អំពីការស្លាប់ ឬបង្កការខូចខាតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top