ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៣ចំណុច ក្នុងពិធីប្រកាស​ តែងតាំង ផ្លាស់ប្តូរមុខងារ ជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក

ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អនុសាសន៍ ៣ចំណុច ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ ជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ ម៉ាណែត លើកឡើងនូវអនុសាសន៍ ទាំង៣នោះថា ១. ពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារនាពេលនេះ មានសភាពទ្រង់ទ្រាយតូចខុស ពីសព្វមួយដង ពីព្រោះយើងត្រូវរៀបចំ ស្របទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ដោយគោរពវិធានសុខាភិបាល និងគន្លងនៃការរស់នៅបែបថ្មី និងស្របពេលដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រៅពីភារកិច្ចស្នូល ក៏កំពុងមមាញឹកក្នុងភារកិច្ច ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ ដូច្នេះ ពិធីនេះ គឺពិតជាមានសារៈសំខាន់ចាំបាច់ណាស់ ក្នុងការដែលត្រូវប្រកាសមុខតំណែង ជូនដល់នាយទាហាន ក្នុងជួរបញ្ជាការ នៃស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក ដែលទទួលបានការតែងតាំងថ្មី ដើម្បីអាចចាប់ផ្តើមបំពេញតួនាទី និងភារកិច្ចពេញលេញ តាមឋានានុក្រមដឹកនាំ បញ្ជាឱ្យមានប្រសិទ្ធភាព ទាំងការបំពេញភារកិច្ចស្នូល និងភារកិច្ចចំពោះមុខ ក្នុងការដឹកនាំអង្គភាព ត្រៀមចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ចំណេកចំណុចទី គឺ សូមផ្តាំផ្ញើនូវភារកិច្ច ៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី៖ ទី(១) រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុន ដែលបានកសាង, ទី(២) កសាងពង្រឹងអង្គភាពបន្ថែម លើគ្រប់វិស័យ និងទី(៣) បន្តសមិទ្ធផលទាំងនេះ ដើម្បីរៀបចំជាមូលដ្ឋាន ទុកឱ្យនាយទាហានបន្តវេន។ ក្រៅពីភារកិច្ចជាក់ស្តែង ជាច្រើនទៀត កិច្ចការទាំង ៣ នេះ គឺជាទិសដៅស្នូលសំខាន់ សម្រាប់មេបញ្ជាការ គ្រប់ជំនាន់ទាំងអស់ នៅក្នុងការចូលរួម ពង្រឹងស្ថាប័ន-កងឯកភាព ក្រោមការទទួលខុសត្រូវ ព្រមទាំងសង្ឃឹមផងដែរថា នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី នឹងរួមគ្នាក្នុងធ្លុងសាមគ្គី ឯកភាពផ្ទៃក្នុងល្អ ជាមួយថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងស្ថាប័ន-កងឯកភាព បន្តកិច្ចខិតខំប្រឹងប្រែង បំពេញការងារឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែប្រសើរ ឡើងថែមទៀត។

និងអនុសាសន៍ចុងក្រោយទី ៣. សូមកោតសរសើរបណ្តាស្ថាប័ន-កងឯកភាព ដែលកន្លងមកបានគ្រប់គ្រង កម្លាំងបានល្អ ដោយអនុវត្តវិធានការសុខាភិបាល បានយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យអត្រានៃករណីឆ្លង នៅក្នុងជួរយោធិនរបស់យើង មានអត្រាទាប បើធៀបទៅនឹងសមាមាត្រ នៃសន្ទុះនៃការរីករាល នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ដោយហេតុថា ក្នុងរយៈកាលកន្លងមកនេះ កងទ័ពបានក្លាយជា កម្លាំងស្នូលមួយ នៅក្នុងប្រតិបត្តិការអនុវត្ត បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខ្ញុំក៏សូមណែនាំដល់បណ្តាស្ថាប័ន-កងឯកភាព បន្តយកចិត្តទុកដាក់ក្នុងកិច្ចការ និងភារកិច្ចចំពោះមុខដ៏សំខាន់ ចាំបាច់នេះ តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល នៅក្នុងអង្គភាព ដើម្បីការពារកងកម្លាំងរបស់យើង និងគ្រួសារ ក៏ដូចជាសហគមន៍ និងត្រៀមខ្លួនបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល, អាជ្ញាធរដែនដី រាជធានី-ខេត្ត ក្នុងការងារប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាបំផុត៕

To Top