វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទូតជាមួយកូរ៉េខាងជើង ដើម្បីសម្រេចបាននូវការរំសាយ អាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ។
លោក Blinken បានធ្វើការកត់សម្គាល់នេះបន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានសង្កត់ធ្ងន់លើឆន្ទៈ ក្នុងការចូលរួមការទូតជាមួយទីក្រុង ព្យុងយ៉ាង ដើម្បីចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកគោលដៅនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចប្រជុំកំពូលដោយផ្ទាល់ ជាមួយប្រធានាធិបតីលោក មូន ជេអ៊ីន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ។
លោក Blinken បានលើកឡើងថា អ្វីដែលលោកប្រធានាធិបតី បៃដិន បានកំណត់ គឺ ជាឱកាសដ៏ល្អបំផុត ដែលយើងមាន ដើម្បីសម្រេចបាន គោលដៅ នៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៃឧបទ្វីបកូរ៉េ គឺការទាក់ទងការទូត ជាមួយប្រទេសកូរ៉េខាងជើង លើវិធីសាស្រ្ត ដែលបានវាស់វែង ដែលយើងស្វែងរក ដើម្បីធ្វើឱ្យមានការរីកចម្រើន ឆ្ពោះទៅរកគោលដៅនោះ។
លោកបានបន្ថែមថា “ខ្ញុំមិនគិតថា វានឹងក្លាយជាការចរចាដ៏ធំមួយ ដែលបញ្ហានេះត្រូវបានដោះស្រាយនៅក្នុងការផ្លាស់ប្តូរមួយនោះទេ។ វាត្រូវតែមានការទូត ដែលបានក្រិតតាមខ្នាតយ៉ាងច្បាស់ ជំហានច្បាស់លាស់ពីប្រជាជនកូរ៉េខាងជើង ហើយវាឈានទៅមុខតាមរបៀបនោះ”
ដោយកត់សម្គាល់ការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការសន្ទនាជាមួយកូរ៉េខាងជើងវិញ រដ្ឋមន្រ្តីការបរទេសរូបនេះ បានសង្កត់ធ្ងន់ថា សំណួរនៅពេលនេះ គឺថាតើក្រុងព្យុងយ៉ាងត្រៀមខ្លួនជាស្រេច ឬយ៉ាងណា៕
ដោយ ឈូក បូរ៉ា