វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ទំនងជានឹងរៀបចំកិច្ចប្រជុំកំពូល មួយនៅទីក្រុងហ្សឺណែវ នាខែមិថុនា ខាងមុខនេះ។
ដោយដកស្រង់ប្រភពដែលដឹងអំពី បញ្ហានេះប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានចុះផ្សាយថា ទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានគេរំពឹងថា នឹងក្លាយជាកន្លែងសម្រាប់ជួបផ្ទាល់ លើកដំបូងរបស់លោកបៃដិន ជាមួយលោកពូទីន។
របាយការណ៍នេះបានកើតឡើង នៅពេលដែលទីប្រឹក្សា សន្តិសុខជាតិអាមេរិកលោក Jake Sullivan បានពិគ្រោះយោបល់ ជាមួយសមភាគីរុស្ស៊ីលោក Nikolai Patrushev ។ នៅក្នុងនោះដែរសេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា “កិច្ចប្រជុំនេះគឺជាជំហានសំខាន់មួយក្នុងការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក – រុស្ស៊ី ដែលបានគ្រោងទុកកាលបរិច្ឆេទ និងទីតាំង ដែលនឹងត្រូវប្រកាសនៅពេលក្រោយ” ។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា កិច្ចប្រជុំរវាងលោក Jake Sullivan និងលោក Nikolai Patrushev គឺមានលក្ខណៈស្ថាបនាទោះបីជា មានភាពខុសគ្នាខ្លាំងក៏ដោយ។ មន្រ្តីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ដែលត្រូវយកចិត្តទុកដាក់ទៅវិញទៅមក ដោយមានអាទិភាពខ្ពស់ ដែលត្រូវបានផ្តល់ជូនដល់ប្រធានបទ នៃស្ថិរភាពយុទ្ធសាស្ត្រ។
ភាគីទាំងពីរបានឯកភាពថា ការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងសហរដ្ឋអាមេរិក-រុស្ស៊ី នឹងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ និងរួមចំណែកដល់ការព្យាករណ៍ និងស្ថេរភាពសកល។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ មានភាពមិនស្រួលឡើយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ភាគីទាំងពីរមានភាពខុសគ្នាច្បាស់ លើបញ្ហាទាក់ទងនឹងអ៊ុយក្រែន សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត សិទ្ធិមនុស្ស និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត របស់សហរដ្ឋអាមេរិក ៕
ដោយ ឈូក បូរ៉ា