ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌា បន្ដកើនឡើងដល់ជិត ២៧លាននាក់ បើទោះករណីស្លាប់ថយចុះ

ញូវដេលី ៖ ក្រសួងសុខាភិបាល សហព័ន្ធបានបញ្ជាក់ នៅថ្ងៃអង្គារនេះថា ចំនួនសរុបនៃករណី ឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ២៦,៩៤៨,៨៧៤ ករណី ជាមួយនឹង ១៩៦,៤២៧ ករណីថ្មីដែលបានចុះឈ្មោះក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា នេះជាលើកទីមួយក្នុង រយៈពេលមួយខែកន្លះ នៅពេលដែលការកើនឡើង មួយថ្ងៃ គឺទាបជាង ២០០,០០០ករណី បើទោះបីជាតួលេខអ្នកស្លាប់ មានការថយចុះយ៉ាងណាក្ដី។

ចំនួនអ្នកស្លាប់បានឡើងដល់ ៣០៧,២៣១ នាក់ ខណៈដែលអ្នកស្លាប់ថ្មីចំនួន ៣,៥១១ នាក់ត្រូវបានចុះឈ្មោះចាប់តាំងពីព្រឹកថ្ងៃច័ន្ទ ដោយធ្លាក់ចុះក្រោម ៤.០០០ នាក់ជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ការធ្លាក់ចុះទាំងចំនួនករណីថ្មី និងការស្លាប់ក្នុងមួយថ្ងៃ ត្រូវបានគេសន្មតថា ជាការចាក់សោរដោយផ្នែកខ្លះ ឬពេញលេញ ដែលត្រូវបានដាក់នៅក្នុងរដ្ឋ ភាគច្រើនរបសប្រទេសនេះ។

នៅតែមានករណីសកម្មចំនួន ២,៥៨៦,៧៨២ ករណី នៅក្នុងប្រទេស ដោយមានការថយចុះចំនួន ១៣៣,៩៣៤ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ចំនួនករណីសកម្មប្រចាំថ្ងៃ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីពាក់កណ្តាលខែមេសា។

នៅក្នុងនោះដែរប្រជាជនសរុប ២៤,០៥៤,៨៦១ នាក់ត្រូវបានព្យាបាល និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ នៅទូទាំងប្រទេស។

ទីប្រឹក្សាវិទ្យាសាស្ត្រសំខាន់នៃរដ្ឋាភិបាលសហព័ន្ធ របស់ឥណ្ឌាលោក K. Vijay Raghavan ថ្មីៗនេះបានលើកឡើងថារលកជំងឺកូវីដ-១៩ គឺមិនអាចជៀសផុត បាននោះទេនៅក្នុងប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ៕

ដោយ ឈូក បូរ៉ា

To Top