បរទេស៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅថ្ងៃពុធនេះ បានចាប់ខ្លួនមេបញ្ជាការ កងជីវពលជាន់ខ្ពស់ លោក Qasim Muslih ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្មអ៊ីរ៉ាក់ នេះបើតាមប្រភពសន្តិសុខចំនួន៣ បាននិយាយប្រាប់ឲ្យដឹង។
លោក Qasim Muslih គឺត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងបាដាដ សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារមួយចំនួន រួមទាំងការវាយប្រហារថ្មីៗនេះ លើមូលដ្ឋានទ័ពអាកាស Ain al-Asad ដែលមានកងកម្លាំងអាមេរិកនិងអន្តរជាតិនៅ។
លោក Muslih គឺជាប្រធានកងកម្លាំងចល័តប្រជាប្រិយ PMF ជាក្រុមកងជីវពលកាន់និកាយស៊ីអ៊ីតនៅខេត្ត Anbar គាំទ្រដោយអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាការគម្រាមកំហែងដ៏ធំបំផុត ចំពោះសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មូលដ្ឋានកងទ័ពអាកាសនោះ បានរងការវាយប្រហារយ៉ាងតិច ចំនួនពីរដងនៅក្នុងសប្ដាហ៍នេះ ដោយគ្រាប់រ៉ុកកែត និងប្រព័ន្ធឈ្លបយកការណ៍ ដែនអាកាសគ្មានមនុស្សបើក ៕
ប្រែសម្រួល៖ ប៉ាង កុង