ភ្នំពេញ ៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាស បញ្ជាក់បន្ថែមថា ករណីកម្មករ-កម្មការិនី រោងចក្រនាំគ្នា សម្រុកចេញពីកន្លែងធ្វើការនោះ ដោយសារពួកគាត់ ជឿតាមការញុះញង់ និងការបំផុសបំផុល ពីបុគ្គលមួយចំនួន ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានកម្មករម្នាក់ធ្វើការ នៅក្នុងរោងចក្រតម្លើង ទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាក ធ្វើតេស្តរហ័ស នៅប៉ុស្តិ៍យកសំណាក ក្រុងបាវិត ជាលទ្ធផលវិជ្ជមានកូវីដ-១៩។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៦ ឧសភា ថា ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានចុះយកវត្ថុវិភាគសំណាក អ្នកប៉ះពាល់ផ្ទាល់ចំនួន ៩នាក់ លទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់ នៅក្នុងរោងចក្រខាងលើ ។
ក្រុមការងារបានបន្តយកវត្ថុវិភាគ សំណាកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩នៅអគារផ្នែកខាងមុខ ចំនួន១៤៥នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន៥៤នាក់ បន្ទាប់មកក្រុមការងារ បានសហការ ជាមួយរោងចក្រ ធ្វើការស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃ កម្រិតហានិភ័យ នៃការឆ្លងក្នុងរោងចក្រទាំងមូល ។
រដ្ឋបាលខេត្ត បញ្ជាក់ថា «ប៉ុន្តែដោយសារមានការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការ បងប្អូនកម្មករ កម្មការិនីនៅអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារ បានខិតខំពន្យល់ណែនាំ ពីការយកវត្ថុវិភាគ សំណាករកមេរោគកូវីដ-១៩ ណែនាំអំពីការថែទាំសុខភាព និងផលប៉ះពាល់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័ក តាមដានសុខភាព ប៉ុន្តែបងប្អូនជឿ តាមការញុះញង់ និងការបំផុសបំផុល ក៏បាននាំគ្នាធ្វើដំណើរ ចេញពីរោងចក្រតែម្តង»។
ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្មករ កម្មការិនីបម្រើការងារ នៅរោងចក្រ តម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា)ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ដែលចេញពីរោងចក្រ មុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តម្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន និងត្រូវតាមដាន សុខភាពជាប្រចាំ៕