ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ បន្ថែមទៀត រហូតដល់ជាង២,៣ពាន់នាក់

រីយ៉ូឌឺចាណេរ៉ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ ប្រេស៊ីល ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន២.៣៩៨នាក់ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនៅទូទាំងប្រទេស កើនឡើងដល់៤៥៤.៤២៩ នាក់ ។

ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបន្ថែមទៀត ចំនួន៨០.៤៨៦នាក់ត្រូវបានគេរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេស កើនឡើងដល់១៦.២៧៤.៦៩៥នាក់ ។

ប្រេស៊ីល បានជាប់លំដាប់លេខ២ លើពិភពលោក ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុត លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

ក្រសួងបានឲ្យដឹងថា ប្រេស៊ីល បានចាក់វ៉ាក់សាំងបានជាង៥៨,៥លានដូស នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងពលរដ្ឋជាង១៨,៨លាននាក់ បានទទួលការចាក់វ៉ាក់សាំង ទំាងពីរកម្រិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top