ព័ត៌មានជាតិ

ក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្រ្តី ពិនិត្យពិភាក្សា កែសម្រួលលើសេចក្តីព្រាង អនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ​ របស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃ ប.ស.ស.

ភ្នំពេញ៖ កិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ត្រូវបានរៀបចំឡើង​ ដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងក្រុមការងារបច្ចេកទេសជំនាញ នៃ ប.ស.ស. មួយចំនួនផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យខាងលើ ត្រូវបានក្រុមការងារបច្ចេកទេស និងក្រុមអ្នកច្បាប់នៃ ប.ស.ស. បានប្រជុំត្រួតពិនិត្យ ចំនួន៣លើករួចមកហើយ និងបានដាក់ឆ្លងក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ប្រជុំត្រួតពិនិត្យកែសម្រួល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងមក។

អនុក្រឹត្យនេះ មានវិសាលភាព ទៅលើការលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងដើម្បីកំណត់អំពីការបាត់បង់ សមត្ថភាពការងារ ស្ថានភាពទុព្វលភាព របស់សមាជិក ប.ស.ស. ឱ្យមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ និងមានលក្ខណៈល្អប្រសើរឡើង ធ្វើយ៉ាងណាឱ្យការអនុវត្តនេះ ស្របតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិត ប្រកបដោយចីរភាព ។

បើយោងតាមមាត្រា៤៧ នៃច្បាប់ ស្តីពីរបបសន្តិសុខសង្គម បានចែងថា ក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. មានតួនាទីត្រួតពិនិត្យ តាមដាន ការអនុវត្តកិច្ចព្រមព្រៀង របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស.៕

To Top