វ៉ាស៊ីនតោន ៖ មេបញ្ជាការយោធាកំពូល របស់សហរដ្ឋអាមេរិក បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង នៅតែបន្តបង្កើន សមត្ថភាពមីស៊ីល ផ្លោងរបស់ខ្លួន ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់ដីគោក របស់អាមេរិក។
លោក Mark Milley ប្រធានអគ្គសេនាធិការចម្រុះ ក៏បានឲ្យដឹងផងដែរថា កូរ៉េខាងជើង កំពុងបង្ហាញសញ្ញាណាមួយ នៃការលះបង់កិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពយោធា របស់ខ្លួន ។
លោកបានឲ្យដឹង ក្នុងសក្ខីកម្មជាលាយលក្ខណ៍អក្សរ ទៅកាន់ អនុគណៈកម្មាធិការ សភាការពារជាតិថា “ កូរ៉េខាងជើង បន្តបង្កើនសមត្ថភាពមីស៊ីល ផ្លោងរបស់ខ្លួន និងមានសមត្ថភាព បច្ចេកទេស ដើម្បីបង្ហាញពីគ្រោះថ្នាក់ពិតប្រាកដ ដល់មាតុភូមិ សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូរបស់យើង នៅទូទាំងឥណ្ឌូ – ប៉ាស៊ីហ្វិក” ។
លោកបានបន្ថែមថា“ ពួកគេមិនបានបង្ហាញសញ្ញាណាមួយ នៃការសម្របសម្រួល ក្នុងការផ្តោតអារម្មណ៍ ទៅលើសមត្ថភាពយោធា ដោយការចំណាយ របស់ពលរដ្ឋងាយរងគ្រោះបំផុត និងសន្តិភាពនៃឧបទ្វីបកូរ៉េនោះទេ”។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា សក្ខីកម្មជាលាយលក្ខណ៍ អក្សររបស់លោក ត្រូវបានដាក់ជូនមុន ពេលបើកសវនាការលើសំណើ ថវិកាការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ ។
ជាមួយគ្នានេះដែរលោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិ អាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក នឹងបន្តផ្តោតលើការដោះស្រាយ ជាមួយការគំរាមកំហែង របស់កូរ៉េខាងជើងនៅពេល ដែលដាក់ការទូតនៅជួរមុខ។
លោកបានឲ្យដឹងនៅក្នុងសក្ខីកម្ម ជាលាយលក្ខណ៍អក្សរផ្ទាល់ខ្លួន របស់លោក ដែលបានដាក់ជូនទៅអនុគណៈកម្មាធិការ សភាការពារជាតិថា“ ទោះបីជាយើងនិយាយពីសមត្ថភាពយោធា ដែលកំពុងកើនឡើងរបស់ចិន ក៏ដោយយើងនឹងនៅតែផ្តោត លើប្រទេសកូរ៉េខាងជើង”៕
ដោយ ឈូក បូរ៉ា