ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសគុយបា បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១.១០២នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន០៩នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៣៧.៧៣០នាក់ និងមានអ្នកស្លាប់ចំនួន ៩២១នាក់ ។
ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីប្រចាំថ្ងៃ មានចំនួន ១.០៧០នាក់ ជាអ្នកឆ្លងជំងឺក្នុងសហគមន៍ នេះបើយោងតាមលោក Francisco Duran នាយកទទួលបន្ទុកអនាម័យ និងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានថ្លែងដូច្នេះ ។
រដ្ឋធានីហាវ៉ាណា ជាចំណុចកណ្តាលនៃការឆ្លងរាលដាលជំងឺ ហើយត្រូវបានរាយការណ៍ថា មានអ្នកឆ្លងជំងឺចំនួន៥២០នាក់ កាលពីថ្ងៃមុន ហើយជាកំណត់ត្រាខ្ពស់បំផុតនៃអត្រាអ្នកឆ្លងជំងឺនៅក្នុងប្រទេសដែនកោះគឺ ៤២៩.៧នាក់ ក្នុងចំណោមមនុស្ស ១០០.០០០នាក់ ។
ក្រសួងសុខាភិបាល បានអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ នៅតាមបណ្តាក្រុង និងរដ្ឋធានី សម្រាប់រយៈពេលស្ទើរ២សប្តាហ៍ ដែលបន្តធ្វើនៅតាមបណ្តាខេត្តនានា រួមមានខេត្ត Pinar del Rio, Matanzas, Santiago de Cuba និងក្រុងពិសេស Isle of Youth ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា