បរទេស ៖ តុលាការរដ្ឋធម្មនុញ្ញ របស់ប្រទេសម៉ាលី តាមសេចក្តីរាយការណ៍ ទើបបានតែងតាំង លោក Assimi Goita ឲ្យកាន់តំណែង ជាប្រធានាធិបតី បណ្ដោះអាសន្នថ្មី នៅក្នុងប្រទេស ក្រោយលោកបានដឹកនាំរដ្ឋប្រហារយោធាមួយ កាលពីដើមសប្ដាហ៍នេះ ។
យោងតាមប្រភពព័ត៌មានថ្មីមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Goita គួរតែដឹកនាំដំណើរកាការងារ អន្តរកាល ឆ្ពោះទៅរកការបញ្ចប់របស់វា ។
ដោយបានបម្រើការ ជាអនុប្រធានាធិបតី បណ្ដោះអាសន្ន ចាប់តាំងពីរដ្ឋប្រហារ ខែសីហាមកនោះ លោក Goita បានប្រកាសខ្លួនឯងរួច ទៅហើយថា ជាប្រធានាធិបតី បណ្ដោះអាសន្នកាលពីថ្ងៃពុធ ក្រោយបញ្ជាឲ្យចាប់ខ្លួនអតីតប្រធានាធិបតី បណ្ដោះអាសន្ន លោក Bah Ndaw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន ទាំងពីររូបនោះ ត្រូវបានដោះលែង ពីពន្ធនាគារវិញ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយធ្វើការលាលែង ពីតំណែងជាផ្លូវការ ។ លោកទាំងពីរនេះ ត្រូវបានគេប្រគល់ភារកិច្ច ដឹកនាំអន្តរកាល ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ក្រោយមានរដ្ឋប្រហារលើកទីមួយ ប៉ុន្តែលោក Goita បានចោទអតីតមេដឹកនាំទាំងពីររូបនេះ ពីបទបំផ្លិចបំផ្លាញ នៅពេលធ្វើការរុះរើគណៈរដ្ឋមន្ត្រីជាថ្មី កាលពីថ្ងៃចន្ទ ដោយគ្មានការពិភាក្សាគ្នា ជាមួយលោក ៕
ប្រែសម្រួល៖ប៉ាង កុង