បរទេស ៖ ប្រទេសសិង្ហបុរី តាមសេចក្តីរាយការណ៍ នឹងបើកកម្មវិធីចាក់ថ្នាំ វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សវ័យជំទង់ ចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះទៅ ដើម្បីជួបទប់ស្កាត់ ការផ្ទុះឆ្លងដ៏ថ្មីបំផុត ដែលបានឆ្លងសិស្សមួយចំនួន ហើយនឹងធ្វើការបង្កើន ការតេស្តនិង ការតាមដាន។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសសិង្ហបុរី គឺស្ថិតនៅក្នុងចំណោម ប្រទេសដំបូងគេ ក្នុងពិភពលោក ដែលផ្តល់ការចាក់វ៉ាក់សាំង ឲ្យដល់មនុស្សវ័យជំទង់ មុនបញ្ចប់ការចាក់វ៉ាក់សាំង ឲ្យដល់មនុស្សពេញវ័យ ។
នៅក្នុងសុន្ទរកថាមួយនាថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រី សិង្ហបុរី លោក Lee Hsien Loong បានមានប្រសាសន៍ថា “នៅពេលដែលប្រជាជន យើងបានចាក់ថាំវ៉ាក់សាំង ភាគច្រើននោះ យើងគួរតែអាចធ្វើការតាមដាន ដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលករណីឆ្លងដែលកើតឡើង និងទប់ស្កាត់មិនឲ្យមានការ ផ្ទុះឆ្លងធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់” ។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី បានធ្វើការដាក់ការរឹតបន្តឹង ជាថ្មីមួយចំនួន លើការប្រមូលផ្តុំជួបជុំគ្នាក្នុងសង្គម នៅក្នុងខែនេះ ហើយគិតចាប់តំាងពីបានដក បម្រាមគោចរមួយកាល ពីឆ្នាំមិញមក នេះគឺជាការរឹតបន្តឹងដ៏ខ្លាំងក្លាបំផុត ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងជម្ងឺកូវីដ១៩ ក្នុងប្រទេសនាពេលថ្មីៗនេះ៕
ប្រែសម្រួល៖ប៉ាង កុង