ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Adhanom Ghebreyesus បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអង្គារ ទី១ ខែមិថុនានេះ អំពីការទទួលស្គាល់វ៉ាសាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុនចិន Sinovac-Biotech អោយប្រើប្រាស់បន្ទាន់ ។
នេះគឺជាលើកទី២ហើយ សម្រាប់អង្គការសុខភាពពិភពលោក ដែលបានប្រកាសទទួលស្គាល់ វ៉ាក់សាំងបង្ការវីរុស Covid-19របស់ក្រុមហ៊ុនចិនក្នុងរយៈពេលជិត១ខែ ដែលអង្កការនេះបានប្រកាស ទទួលស្គាល់វ៉ាក់សាំងបង្ការវីរុស Covid-19របស់ក្រុមហ៊ុនចិន Sinopharm ។
ប្រទេសចិន មានក្រុមហ៊ុន២ គឺក្រុមហ៊ុន Sinopharm និងSinovac Biotech ដែលបានផលិតវ៉ាក់សាំងបង្ការវីរុសCovid-19 និងបានចែកចាយនៅទូទាំងពិភពលោក ហើយអង្គការសុខភាពពិភពលោក ក៏បានប្រកាសទទួលស្គាល់ក្រុមហ៊ុនទាំង ២នេះរួចរាល់ហើយដែរ ។
សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ននេះ មានវ៉ាក់សាំងបង្ការវីរុ Covid-19ចំនួន៧ប្រភេទ ត្រូវបានផលិត និងចែកចាយនៅទូទាំងពិភពលោក ដើម្បីបំពេញតម្រូវការនៅប្រទេសនានា ក្នុងក្តីសង្ឃឹមថា នឹងអាចកាត់បន្ថយការ ឆ្លងរាលដាលវីរុសនេះបាន ។
ក្នុងចំណោមក្រុមហ៊ុនទាំង៧ ដែលមានផលិតផលវ៉ាក់សាំងបង្ការវីរុសCovid-19នោះ គឺមានក្រុមហ៊ុន AstraZeneca, Pfizer, Moderna, Johnson & Johnson, Sputnik V, Sinopharm និងក្រុមហ៊ុន Sinovac ។
សហរដ្ឋអាមេរិកមានក្រុមហ៊ុន៣ គឺ Pfizer, Moderna និងJohnson & Johnson ចក្រភពអង់គ្លេសមាន១ គឺក្រុមហ៊ុន AstraZeneca ប្រទេសរុស្ស៊ីមាន១ គឺក្រុមហ៊ុន Sputnik V និងប្រទេសចិនមាន២ក្រុមហ៊ុន គឺក្រុមហ៊ុន Sinopharm និង Sinovac ។
ចំពោះតម្លៃវ៉ាក់សាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុនទាំង៧នេះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna មានតម្លៃខ្ពស់ជាងគេ រហូតដល់ចន្លោះពី ២៥ទៅ៣៧ដុល្លារក្នុង១ដូស ហើយមនុស្សម្នាក់ត្រូវចាក់ ២ដូសទើបរួចរាល់ ។
បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលមានតម្លៃថ្លៃជាងគេ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer ដែលមានតម្លៃចន្លោះពី ១៨ទៅ១៩ដុល្លារក្នុង១ដូស ហើយមនុស្សម្នាក់ត្រូវចាក់ ២ដូសដូចគ្នា ។
ដោយឡែកសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca, Johnson & Johnson, Sputnik V, Sinopharm និងក្រុមហ៊ុន Sinovac គឺមានតម្លៃប្រហាក់ប្រហែលគ្នា ក្នុងចន្លោះពី៨ទៅ១២ដុល្លារអាមេរិកក្នុង១ដូស និងមនុស្សម្នាក់ត្រូវចាក់២ដូសដូចគ្នា លើកលែងតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ត្រូវចាក់តែ១ដូសទេក្នុងមនុស្សម្នាក់ ។
សូមបញ្ជាក់ជូនថា វ៉ាក់សាំងបង្ការវីរុសCovid-19 គឺជាវត្ថុបំណងតែមួយគត់ និងជាក្តីសង្ឃឹមតែមួយគត់របស់បណ្តាប្រទេស នៅលើពិភពលោក ក្នុងការកាត់បន្ថយការឆ្លងរាលដាលវីរុសនេះ ខណៈដែលវិធានការទប់ស្កាត់ មិនសូវមានប្រសិទ្ធភាព ។
នៅពេលបច្ចុប្បន្ននេះ ប្រទេសនានានៅទូទាំងពិភពលោក មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំងអស់ របស់ខ្លួននោះទេ ហើយប្រជាពលរដ្ឋនៅក្នុងប្រទេសខ្លះ នៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 ដូសទី១ផងទេ ។
សូមរំលឹកជូនថា កាលពីថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងការបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំ របស់សហភាពមួយនេះ នៅទីក្រុង Porto ប្រទេសព័រទុយហ្កាល់ ប្រទេសជាង៦០ រួមទាំងអង្គការសុខភាពពិភពលោក និងសហភាពអឺរ៉ុប ចង់បានវ៉ាក់សាំងមួយជា ទ្រព្យសម្បត្តិរួមរបស់ពិភពលោក និងរួមគ្នាផលិតដើម្បីបំពេញតម្រូវការ វ៉ាក់សាំងនៅទូទាំងពិភពលោក ។
ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើពិភពលោក មានវ៉ាក់សាំងបង្ការវីរុស Covid-19 ជាទ្រព្យសម្បត្តិរូម ពិភពលោកនឹងរួមគ្នាផលិត អោយបានច្រើនក្នុងរយៈពេលខ្លី ដែលអាចប្រើប្រាស់វ៉ាកសាំងនេះ ទៅតាមតម្រូវការនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក ដោយមិនចាំបាច់រង់ចាំចរចាទិញ និងរង់ចាំការផ្គត់ផ្គង់ពីប្រទេសតិចតួចនោះទេ ដែលនេះជាផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រទេសដែលកំពុងមានកំណើន ឆ្លងរាលដាលវីរុស Covid-19 កម្រិតខ្ពស់ ។
ប៉ុន្តែបំណងរបស់សហភាពអឺរ៉ុប អង្គការសុខភាពពិភពលោក និងប្រទេសជាង៦០នេះ ទំនងមិនបានទទួលជោគជ័យទេ ដោយសារប្រទេស និងក្រុមហ៊ុនដែលមានវ៉ាក់សាំងបង្ការវីរុសCovid-19 នឹងមិនឯកភាពចំពោះបំណងនេះទេ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ អង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ប្រទេសចិន គឺដោយសារវ៉ាក់សាំងនេះ មានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ ។
លោក Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនចិន Sinovac អាចមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងវីរុសនេះ ក្នុងរង្វង់ ៥០.៧% ដែលជាប្រសិទ្ធភាពអាចទទួលយកបាន ។
ប្រមុខអង្គការសុខភាពពិភពលោករូបនេះ បានបន្តថា ក្រុមអ្នកជំនាញរបស់អង្គការនេះ បានពិនិត្យផ្ទៀងផ្ទាត់ការសាកល្បង លើមនុស្សនូវវ៉ាក់បង្ការវីរុស Covid-19 របស់ក្រុមហ៊ុនចិន Sinovac គឺមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់អាចទទួលយកបាន ។
សូមបញ្ជាក់ជូនថា វ៉ាក់បង្ការវីរុសCovid-19របស់ក្រុមហ៊ុនចិន Sinovac និងSinopharm មិនដែលមានរឿងអាស្រូវ ផ្នែកសុខភាពរបស់អ្នកប្រើប្រាស់ ដូចជាវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZenecaនោះទេ ៕ ដោយ៖ អ៊ី ជិន