ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថាវ៉ាក់សាំង Pfizer អាចបណ្តាលឱ្យមានការ រលាកសាច់ដុំបេះដូង

យេរ៉ូសាឡឹម៖ ក្រសួងបានឲ្យដឹងថា ក្រុមអ្នកជំនាញដែលត្រូវបានតែងតាំងដោយ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរកឃើញថាមានប្រូបាប៊ីលីតេ (ភាពដែលអាចទៅរួច) នៃការផ្សារភ្ជាប់គ្នារវាងការចាក់វ៉ាក់សាំង Pfizer និងការរលាកសាច់ដុំបេះដូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ក្រុមសិក្សាពីការរីករាលដាលផ្នែករោគសាស្ត្រ ត្រូវបានបង្កើតឡើងបន្ទាប់ពីមាន របាយការណ៍អំពីករណីជំងឺ myocarditis ឬរលាកសាច់ដុំបេះដូង ក្នុងចំណោមប្រជាជនអ៊ីស្រាអែលមួយ ចំនួនក្នុងរយៈពេលខ្លីបន្ទាប់ពីទទួលបានវ៉ាក់សាំង នេះលើកទី ២ ។

ក្នុងចំណោម ២៧៥ ករណី នៃជំងឺ myocarditis ត្រូវបានរាយការណ៍ពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ នៅអ៊ីស្រាអែល ដែល ១២១ ករណី បានកើតឡើងក្នុងរយៈពេលខ្លី បន្ទាប់ពីទទួលវ៉ាក់សាំង Pfizer លើកទី ២ ហើយករណីភាគច្រើនជាបុរស ដែលមានអាយុចាប់ពី ១៦ ដល់ ១៩ ឆ្នាំ។

ក្រុមស្រាវជ្រាវក៏បានរកឃើញថា ៩,៨ ភាគរយនៃករណីរលាក myocarditis បានកើតឡើងភ្លាមៗបន្ទាប់ពីទទួលការចាក់វ៉ាក់សាំង Pfizer ក្នុងកម្រិតដូសដំបូង។

រហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនជាង ៥,៤៥ លាននាក់ បានទទួលកម្រិតថ្នាំវ៉ាក់សាំងដំបូង បង្អស់នៅក្នុងប្រទេសអ៊ីស្រាអែល ឬស្មើនឹង ៥៨,៤ ភាគរយនៃចំនួនប្រជាជនសរុប។ ពួកគេជាង ៥,១៣ លាននាក់ក្នុងចំណោមពួកគេបានទទួលកម្រិតដូសទី ២ ។

វ៉ាក់សាំងនេះត្រូវបានផ្តល់ដល់អ្នក ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ហើយក្រសួងរំពឹងថានឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗថា តើត្រូវអនុញ្ញាតឱ្យចាក់វ៉ាក់សាំងលើអ្នក ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំដែរឬយ៉ាងណា៕ដោយ ឈូក បូរ៉ា

To Top