ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ ណាតូស្នើ ឲ្យបន្តប្រមូលធនធាន នៅមុនជំនួបកំពូល

បរទេស៖អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍ថា សម្ពន្ធមិត្តចាំបាច់ត្រូវតែចូលរួម ក្នុងការប្រមូលធនធានឲ្យមានប្រសិទ្ធភាពខ្លាំងឡើង ស្របពេលដែលរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ត្រៀមធ្វើកិច្ចប្រជុំនៅថ្ងៃអង្គារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការណាតូ លោក Stoltenberg បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា “ក្នុងពិភពលោកមានការប្រកួតប្រជែងនិងរឿងមិនអាចប៉ាន់ស្មានទុកមុនកាន់តែច្រើននោះ យើងត្រូវការភាពសាមគ្គីអន្តរអាត្លង់ទិក គឺអឺរ៉ុបនិងអាមេរិកខាងជើង ឈរនៅជាមួយគ្នាយ៉ាងរឹងមាំនៅណាតូ ដូច្នេះគោលដៅនៃគំនិតផ្តួចផ្តើមឆ្នាំ២០៣០ណាតូរបស់យើង នឹងត្រៀមរៀបចំសម្ពន្ធភាពរបស់យើងសម្រាប់អនាគត”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Stoltenberg បានមានប្រសាសន៍បន្ថែមដូច្នេះថា “យើងចាំបាច់ត្រូវចំណាយបន្ថែមទៀត ប៉ុន្តែយើងក៏ចាំបាច់ត្រូវចំណាយឲ្យកាន់តែល្អផងដែរ”។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកណាតូ គ្រោងធ្វើកិច្ចពិភាក្សាគ្នាស្តីពីគោលគំនិតឆ្នាំ២០៣០ណាតូ ដែលក៏នឹងដើរតួនាទីដ៏សំខាន់ នៅក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំណាតូនាពេលខាងមុខផងដែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ក្នុងទីក្រុងព្រួចសែល៕ប្រែសម្រួល៖ប៉ាង កុង

To Top