ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងនាយឧត្តមសេនីយ៍ ធឹម សុផា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ហើយតែងតាំងមុខតំណែងឧត្តមសេនីយ៍ឯក ងួន ស្រេង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ធឹម សុផា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្ដល់ភារកិច្ចដឹកនាំការងារ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងកន្លងមក ហើយក៏បានធ្វើការប្ដេជ្ញាចិត្តបន្តអនុវត្តការងារជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែលទើបទទួលបានការតែងតាំងបន្ថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយភាពជោគជ័យ។
ដោយឡែក ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទើបចូលកាន់មុខតំណែង បានធ្វើការប្ដេជ្ញាចិត្ត គោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ហើយមានភាពស្មោះត្រង់ស្រឡាញ់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពគាំទ្រដោយស្មោះត្រង់បំផុត ចំពោះកម្មវិធីនយោបាយរាជរដ្ឋាភិបាល ជាពិសេសនោះ បន្ដប្រឹងប្រែងគោរពអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវការចាត់តាំង ផ្សេងៗ ក៏ដូចជាបទបញ្ជាដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជាពិសេសអនុវត្តនូវតួនាទី ភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមយ៉ាងពេញលេញក្នុងការការពារសន្ដិភាព និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព ផ្ទៃក្នុងឱ្យបានរឹងមាំជាប់ជានិច្ច ដើម្បីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ នាយឧត្តមសេនីយ៍ ធឹម សុផា និងសហការីទាំងអស់ ដែលក្នុងរយៈពេលកន្លងទៅនេះ ពោលគឺចាប់តាំងពីបង្កើតជានាយកដ្ឋានសវនកម្មផ្ទៃក្នុង រហូតដល់បង្កើតបានជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានខិតខំបំពេញភារកិច្ចសម្រេចបាននូវស្នាដៃមួយចំនួនផងដែរ បើទោះបីជាសមត្ថភាព និងការយល់ដឹងរបស់មន្ដ្រីមានភាពខុសៗគ្នាក៏ដោយ៕