សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ចំនួន៦៨១នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃពុធ ធៀបនឹងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១៤២.១៥៧នាក់ ។
ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងពី ៦៧៧នាក់ កាលពីថ្ងៃមុន ដែលនៅថេររយៈពេល ២ថ្ងៃលើសពី៦០០នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃគិតជាមធ្យម សម្រាប់មួយសប្តាហ៍កន្លងទៅ គឺមាន៥៥០នាក់ ។
ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ ដែលតួលេខបានកើនឡើង ត្រីគុណចាប់តាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នំាមុន ដោយសារមានការប្រមូលផ្តុំគ្នា នៅក្រុងសេអ៊ូល និងនៅបរិវេណខេត្ត Gyeonggi រួមទំាងអ្នកនាំចូលពីខាងក្រៅផងដែរ ។
ក្នុងចំណោមករណីថ្មី ចំនួន២១៥នាក់ ជាអ្នកស្រុករស់នៅក្រុងសេអ៊ូល និង២០៧នាក់ ជាពលរដ្ឋរស់នៅខេត្ត Gyeonggi ។
០៩នាក់ជាករណីនាំចូលពីខាងក្រៅ មកពីបរទេស ដែលបូករួមទាំងអស់ តួលេខនៃអ្នកឆ្លងមកពីក្រៅចំនួន ៩.០៩៥នាក់ ។
មានអ្នកស្លាប់បន្ថែមទៀតចំនួន ៣នាក់ ត្រូវបានបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១.៩៦៨នាក់ ។ សរុបអត្រានៃអ្នកស្លាប់គឺ១,៣៨ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា