ភ្នំពេញ ៖ ក្នុងនាមជាអ្នកទម្លាយអាថ៌កំបាំង បាត់ថវិកាប្រមូល ពីការបង្កើតទូរទស្សន៍ព្រះអាទិត្យ ជាង៧០ម៉ឺនដុល្លារ មិនដឹងទៅខាងណានោះ លោក មុត ចន្ថា ដែលគ្រប់គ្នាដឹងថា ជាមនុស្សជំនិត របស់លោក កឹម សុខា ក៏បានលើកជាចំងល់ជុំវិញ នៃការប្រមូលបានថវិកា ជាង២០ម៉ឺនដុល្លារ លក់ប័ណ្ណនាឡិកាលោកសម រង្ស៊ី ត្រូវចំណាយបែបណា ដើម្បីបានជួយប្រជាពលរដ្ឋរងគ្រោះ ដោយជំងឺកូវីដ១៩ ឲ្យពិតប្រាកដ កុំឲ្យបាត់លុយមិនដឹងទៅទីណា ដូចករណីមុនៗទៀត ។
លោក សម រង្ស៊ីបានអះអាងក្តែងៗ ដោយមិន ញញើតមាត់ថា នឹងយកថវិកាជាង២០ម៉ឺនដុល្លារ ពីការលក់ប័ណ្ណនាឡិកា ពាក់សព្វថ្ងៃរបស់ខ្លួនប្រើប្រាស់ ឲ្យមានប្រសិទ្ធសម្រាប់ពលរដ្ឋ ជួបការលំបាកខ្វះខាត ក្នុងវិបត្តិកូវីដ១៩ដោយមិនរើសមុខ និងមិនប្រកាន់និន្នាការ នយោបាយឡើយ ។ ពោលលោក សម រង្ស៊ីអះអាងថា មិនយកលុយទៅប្រើប្រាស់ខុសខ្ទង់ទេ ពោលនឹងប្រើប្រាស់ដោយប្រសិទ្ធភាព និងស្អាតស្អំបំផុត ។
លោក មុត ចន្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៧ មិថុនា ថា “យើងក៏ចង់ដឹងថាថវិកាជាង២០ម៉ឺន ដែលបានពីការលក់ប័ណ្ណនាឡិកា ត្រូវចំណាយបែបណា ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ហើយអ្នកណាត្រូវទទួលធ្វើកិច្ចការនេះ ឬត្រូវបង្វែរលុយនេះទៅខាងណា។ សុចរិតភាពនិងតម្លាភាព គឺជាគុណតម្លៃស្នូល ដើម្បីធានាថា គ្មានអំពើកឹបកេង កេងប្រវ័ញ្ច និងពុករលួយ។ អ្វីដែលសំខាន់ជាងនេះ តើជំនួយនេះប្រើប្រាស់ក្នុងឈ្មោះអ្នកណា តំណាងឲ្យស្ថាប័នអ្វី ឬនីតិបុគ្គល ណា ព្រោះវាពាក់ព័ន្ធនឹងផ្លូវច្បាប់ ។ តើអាជ្ញាធរអនុញ្ញាតឲ្យធ្វើសកម្មបែបណា? បើសិនត្រូវបានអនុញ្ញាត ដោយប្រការណាមួយ តើគេនឹងត្រូវយកថវិកាទៅណា?”។
ប៉ុន្តែទោះបីជាយ៉ាង ណាក៏ លោក មុត ចន្ថា នៅតែផ្តោតសំខាន់ លើការបាត់ថវិកា ជាង៧០ម៉ឺនដុល្លារ លើមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដែលជាលុយញើសឈាម របស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុក ដែលបានបរិច្ចាគ ដើម្បីគាំទ្រគម្រោងជាក់លាក់នេះ។
លោកថា ឥឡូវគម្រោងទូរទស្សន៍នេះ មិនអាចដំណើរការបានទៅមុខ តាមគោលបំណង នៃមូលនិធិ ដូច្នេះថវិកាត្រូវតែបង្វែរទៅជួយប្រជាពលរដ្ឋខ្មែរវិញ ។ លោកយល់ថា ត្រូវយកថវិកា៧០ម៉ឺនមកជួយមន្ទីរ ពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងត្រូវការសម្រាប់ ផ្តល់ការព្យាបាលដល់កុមារខ្មែរ កំពុងមានជំងឺ រាប់ពាន់នាក់ និងកំពុងតែត្រូវការ ជំនួយជាដើម ។
លោក មុត ចន្ថា បានរំលឹកថា កាលពីថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគណបក្សសង្រ្គោះជាតិ នូវមូលនិធិបង្កើត ទូរទស្សន៍ព្រះអាទិត្យ ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិ ប្រមូលបានថវិកា ដែលបានមកពីការបរិច្ចាគថវិកា ផ្ទាល់ខ្លួន របស់ពលរដ្ឋខ្មែរជាង៧០ម៉ឺនដុល្លារ ។ មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្ស សង្រ្គោះជាតិ ៣រូប មានសិទ្ធិចុះហត្ថលេខា លើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ លោក កឹម សុខា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុន្តែខណៈលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ មានតែ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ ពីគណនេយ្យធនាគារ ។
លោកបន្តថា ម្យ៉ាងវិញទៀតថវិកាជាង៣០ម៉ឺនដុល្លារ ប្រមូលបានពីផែនការ មាតុភូមិនិវត្តន៍៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយ ពលរដ្ឋខ្មែរដែរទៅ មិនបាច់ទៅប្រឹងលក់នាឡិកាលោក សម រង្ស៊ី មកជួយពលរដ្ឋរងគ្រោះដោយកូវីដទេ ៕