ព័ត៌មានអន្តរជាតិ

គិលានុបដ្ឋាយិកា រាប់ពាន់នាក់ នាំគ្នាផ្ទុះការតវ៉ា នៅណូវែលសេឡង់

វែលលីងតុន៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា គិលានុបដ្ឋាយិកាប្រមាណ០៣ម៉ឺននាក់ នៅក្នុងប្រទេសនូវែលសេឡង់ បានឈប់ធ្វើការរបស់ពួកគេនៅថ្ងៃពុធនាំគ្នាធ្វើកូដកម្មរយៈពេល៨ម៉ោង នៅទូទាំងប្រទេស បន្ទាប់ពីការចរចារ ជាមួយរដ្ឋាភិបាលសម្រាប់ប្រាក់ខែ និងលក្ខខណ្ឌការងារបានបរាជ័យ ។

សកម្មភាពធ្វើកូដកម្មនេះបានកើតឡើង បន្ទាប់ពីអង្គការគិលានុបដ្ឋាយិកានូវែលសេឡង់ ហៅកាត់ (NZNO) បានច្រានចោលការដំឡើងប្រាក់ខែ១,៤ភាគរយដែលស្នើដោយក្រុមប្រឹក្សាសុខភាព ស្រុកកាលពីដើមសប្តាហ៍នេះ ។

រដ្ឋាភិបាលឲ្យដឹងថា ការទាមទាររបស់គិលានុបដ្ឋាយិកាមានចំនួនកើនឡើង១៧ភាគរយដែលខ្លួន មិនអាចមានលទ្ធភាពប៉ុន្តែសន្យាថា នឹងបន្តការចរចា ។

ភាពលេចធ្លោនេះកើតឡើង នៅពេលដែលលោកនាយករដ្ឋមន្រ្តី Jacinda Ardern ប្រឈមនឹងការរិះគន់ដែលមិនបានធ្វើឱ្យបានគ្រប់គ្រាន់ដើម្បីដោះស្រាយវិសមភាពដែលកំពុងកើនឡើង ទោះបីសេដ្ឋកិច្ចកំពុងងើបឡើងពីជំងឺរាតត្បាតកូវីដ-១៩យ៉ាងឆាប់រហ័សជាងការរំពឹងទុកក៏ដោយ ។

គិលានុបដ្ឋាយិកា រាប់ពាន់នាក់បានដើរក្បួននៅតាមដងផ្លូវដែលកាន់ផ្ទាំងក្រដាស ខណៈដែលអ្នកផ្សេងទៀតបានប្រមូលផ្តុំគ្នានៅតាមសួនច្បារ និងក្រៅមន្ទីរពេទ្យនៅក្នុងប្រទេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top