ភ្នំពេញ៖ សហរដ្ឋអាមេរិកបាន ប្រគល់វត្ថុបុរណមានរូបបដិមា ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗ ចំនួន ២៧រូប ឲ្យកម្ពុជា ដើម្បីនាំត្រឡប់មកមាតុភូមិវិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទូតកម្ពុជាប្រចាំអាមេរិកនៅថ្ងៃទី៩ មិថុនាបានឲ្យដឹងថា លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក Cyrus vance Jr. រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉កបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញាមកកម្ពុជា ។ ពិធីនេះប្រព្រឹត្តទៅនៅការិយាល័យ រដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក កាលពីថ្ងៃទី៩ មិថុនា។
ក្នុងចំណោមវត្ថុបុរាណចំនួន២៧ត្រូវបានរកឃើញមកវិញ ដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមានរូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួនដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនេះជាមួយការិយាល័យរដ្ឋអាជ្ញា។
លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា ក្នុងពេលថ្លែងទៅកាន់ពិធីចុះហត្ថលេខាតាមរយៈវិដេអូថា ការទទួលបានត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានសរបញ្ជាក់ ពីចំណងមិត្តភាពដ៏ល្អ និងប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការចូលរួមការពារបេតិកភណ្ឌវប្បធម៌ខ្មែរ។
លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការស្រាវជ្រាវ ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះ ត្រឡប់មកកម្ពុជាវិញ។
លោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានបង្ហាញឲ្យឃើញជាថ្មី នូវលទ្ធផលផ្លែផ្កានៃអនុស្សារណៈនៃការយោគយល់គ្នា ចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបើកឡើងនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ លើការអភិរក្សវប្បធម៌ រវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា «យើងខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីយើងអាចបញ្ឈប់ការជួញដូរ សម្បត្តិវប្បធម៌ខ្មែរ ខុសច្បាប់ និងបញ្ជូនបេតិកភណ្ឌវប្បធម៌របស់យើងត្រឡប់ទៅកម្ពុជាវិញ»។
លោកឯកអគ្គរាជទូត បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកនិយម សន្សំវត្ថុបុរាណខ្មែរទាំងអស់ឲ្យពិនិត្យដោយយកចិត្តទុកដាក់ នូវប្រភពដើមនៃវត្ថុបុរាណរបស់ខ្លួន និងទទួលដឹងថា សម្បត្តិវប្បធម៌ខ្មែរភាគច្រើននៅក្រៅប្រទេស ត្រូវបានយកចេញ និងជួញដូរដោយខុសច្បាប់ ហើយគួរតែត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ៕