ព័ត៌មានជាតិ

ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ ប្រកួតសិស្សឆ្នើម ទូទាំងប្រទេស លើក១

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេស លើកទី១ ការសិក្សាដោយការ បង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការប្រកួតតាមបែបការសិក្សា លើកដំបូងបំផុត សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រឹត្តិការណ៍ «បំណងប្រាថ្នា» មានគោលដៅដូចខាងក្រោម៖

១៖ លើកកម្ពស់ការរៀន របស់សិស្ស ដោយវិធីសាស្រ្តរៀនបែបថ្មី គឺការរៀនតាមបែបសហការ ការរៀនដោយការត្រិះរិះពិចារណា ការរៀនដោយការដោះស្រាយ បញ្ហា និងការរៀនដោយការបង្កើតគម្រោង។

២៖ គាំទ្រដល់សិស្ស ក្នុងការសម្រេចបាន ដល់កម្រិតកំពូល នៃពុទ្ធិសម្បទា ដែលទទួលបានពីការមេរៀននីមួយៗ នៅក្នុងកម្មវិធីសិក្សាជាតិ ដោយយកទៅបង្កើតជាគម្រោង ។

៣៖ លើកទឹកចិត្តដល់ការចែករំលែក ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធ ក្នុងចំណោមសិស្សានុសិស្ស នូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបាន៕

To Top