រ៉ង់ហ្គូន៖ កាសែតដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់ប្រទេសមីយ៉ាន់ម៉ា គឺលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ថ្មីពីបទពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកស្រីស៊ូជី ដែលបច្ចុប្បន្នប្រឈមនឹងការចោទប្រកាន់ចំនួន ៧ រួមទាំងការបំពានច្បាប់អាថ៌កំបាំងជាផ្លូវការត្រូវបានចោទប្រកាន់ពីបទទទួលយកប្រាក់ចំនួន ៦០ ម៉ឺនដុល្លារ និងមាសក៏ដូចជាការប្រើប្រាស់សិទ្ធិអំណាចរបស់លោកស្រីក្នុងការជួលដី និងអគារមួយចំនួនទៀត។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានមេដឹកនាំយោធាធ្វើរដ្ឋប្រហារ ទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី០១ ខែកុម្ភៈ ហើយជាលទ្ធផលមានបាតុករប្រឆាំងរដ្ឋប្រហារជិតជាង ៧៥០នាក់ត្រូវបានសម្លាប់ និងមនុស្សរាប់រយនាក់ទៀតត្រូវបានឃុំខ្លួន រួមទាំងសមាជិកបក្សរបស់លោកស្រីផងដែរ។
ជាមួយគ្នានេះដែរកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលស្រមោលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ឱ្យជួយផ្តួលរំលំរបបយោធា ដោយសន្យាថា នឹងមានសញ្ជាតិ និងការធ្វើមាតុភូមិនិវត្តន៍សម្រាប់សហគមន៍មូស្លីម ដែលត្រូវបានធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រជាធិបតេយ្យនាពេលអនាគត។
ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានផ្តួលរំលំជើងឯកប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋាភិបាលគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីនៅក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។
ក្រុមឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ការបង្ក្រាបដ៏ឃោរឃៅលើក្រុមប្រឆាំងដោយរបបយោធា បានសម្លាប់មនុស្សជាង ៨០០ នាក់។
ក្រុមសមាជិកសភា ដែលត្រូវបានបណ្តេញចេញពីតំណែង ដែលភាគច្រើនមកពីគណបក្ស NLD ក្រោយមកបានបង្កើតស្រមោល“ រដ្ឋាភិបាលរួបរួមជាតិ” ដែលបានស្វែងរកការនាំអ្នកប្រឆាំង ដើម្បីរួមគ្នាប្រឆាំងរដ្ឋប្រហារខាងលើនេះ។
របបយោធាបានចាត់ថ្នាក់ NUG ថាជា“ ក្រុមភេរវករ” មានន័យថា នរណាម្នាក់និយាយជាមួយពួកគេរួមទាំងអ្នកសារព័ត៌មានផងដែរ អាចទទួលរងការចោទប្រកាន់ក្រោមច្បាប់ប្រឆាំងភេរវកម្ម។
ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ យើងសូមអញ្ជើញជនជាតិរ៉ូហ៊ីងយ៉ាចូលរួមជាមួយយើង និងជាមួយអ្នកដទៃទៀតឱ្យចូលរួមក្នុងបដិវត្តនិទាឃរដូវនេះ ប្រឆាំងនឹងរបបផ្តាច់ការយោធា”៕
ដោយ ឈូក បូរ៉ា