ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹក ចាប់ផ្តើមដាក់ប្រើ នាវាពិឃាត សមត្ថភាព មីស៊ីល Flight III ដំបូង

បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅ ថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនទើបបានចាប់ផ្តើមដាក់ប្រើប្រាស់ នូវនាវាពិឃាតសមត្ថភាពមីស៊ីល Flight III គ្រឿងដំបូង របស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការប្រព័ន្ធដែនសមុទ្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាត Flight III ប្រភេទ DDG 51 Arleigh-Burke នេះ បានដាក់ដំណើរការបានយ៉ាងជោគជ័យ នៅថ្ងៃសុក្រសប្ដាហ៍មុន ទីលានផលិតនាវា Ingalls របស់ក្រុមហ៊ុន Huntington Ingalls Industries នៅទីក្រុង Pascagoula រដ្ឋ Mississippi។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីនាវាប្រភេទ Arleigh Burke លោក Seth Miller បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ដំណើរការនាវា Flight III គ្រឿងដំបូង គឺជាការបោះជំហានដ៏សំខាន់មួយទៀត ចំពោះការបញ្ជូននាវា Flight III នេះទៅឲ្យទ័ពជើងទឹក។

គួរបញ្ជាក់ថា នាវាប្រភេទ Arleigh-Burke គឺជានាវាពិឃាតពហុតួនាទី បង្កើតឡើងជាមួយប្រព័ន្ធចម្បាំង Aegis ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធរ៉ាដាទំនើប និងត្រូវបានគេរចនាផលិតឡើង ដើម្បីធ្វើប្រតិបត្តិការប្រឆាំងការគម្រាមកំហែងដែនអាកាស និងលើផ្ទៃសមុទ្រ៕ប្រែសម្រួល៖ប៉ាង កុង

To Top