ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៥នាក់ និងជាសះស្បើយ ចំនួន៣នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
ករណីទី១ ដល់ទី៣០ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ។
ចំពោះករណីទី៣១ ដល់ទី៤០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ដោយឡែក ករណីទី៤១ ដល់ទី៤៥ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។
អ្នកជាសះស្បើយទាំង០៣នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញ ពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថាគិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៤៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១០៦នាក់ ស្លាប់២នាក់ និង២៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕