ព័ត៌មានជាតិ

អនុព័ន្ធយោធាអាមេរិក ស្នើយោធាកម្ពុជា ឲ្យអនុញ្ញាតដើរមើល មូលដ្ឋានកងទ័ព ជើងទឹករាម គ្រប់ទីកន្លែងឡើងវិញ

ភ្នំពេញ ៖ លោកវរសេនីយឯក Marcus M. Ferrara អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ស្នើមន្ដ្រីយោ ធាកម្ពុជា អនុញ្ញាតឲ្យលោក ដើរមើលមូលដ្ឋានកងទ័ពជើងទឹករាម គ្រប់ទីកន្លែងឡើងវិញ ក្រោយពីលោក មិនត្រូវបាន អនុញ្ញាតឲ្យមើលកងទ័ពជើងទឹករាម គ្រប់ទីកន្លែង។

នាពេលថ្មីៗនេះ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយបានយល់ព្រមឲ្យ អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក ធ្វើការចុះទៅមើលទៀងទាត់ នៅមូលដ្ឋានកងទ័ពជើងទឹករាម។

សម្ដេចតេជោ ក៏បានធ្វើការសម្រេចចិត្តដូច្នេះ ជាការឆ្លើយតបទៅនឹងកង្វល់យ៉ាងជ្រាលជ្រៅរបស់លោកស្រី អនុរដ្ឋមន្រ្តីការបរទេស Sherman ដែលលោកស្រីបានលើកឡើងស្តីពី វត្តមានយោធា និងការសាងសង់នៅទីតាំងរាម របស់សាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា «ដូច្នេះ អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក គឺលោកវរសេនីយឯក Marcus M. Ferrara ដោយឆ្លងតាមការសម្របសម្រួល ជាមួយអាជ្ញាធរកម្ពុជា បានធ្វើដំណើរទៅរាម នៅថ្ងៃសុក្រ ទី១១ ខែមិថុនា។ នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យ លោកអនុព័ន្ធយោធា ទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ»។

ស្ថានទូត បន្ដថា «នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជា កំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខ ឲ្យបានឆាប់បំផុត»។

ស្ថានទូតអាមេរិក រៀបរាប់ថា ទស្សនកិច្ចជាធម្មតា និងញឹកញាប់ របស់អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក និងអនុព័ន្ធយោធាបរទេសដទៃទៀត នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមកបានច្រើន។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូង របស់កម្ពុជា តម្កល់ទុកនៅក្នុងសារមន្ទីរ នៃវិមានឈ្នះ-ឈ្នះ នាថ្ងៃទី៩ មិថុនា សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏បានបញ្ជាក់ថា ការចោទប្រកាន់មូលដ្ឋានទ័ពចិន នៅសមុទ្ររាម របស់កម្ពុជានោះ ទោះបីជាកម្ពុជា ឆ្លើយតបយ៉ាងណាក៏ដោយ ក៏នៅតែលទ្ធផលដដែល ព្រោះថា មិនតាមបំណងប្រថ្នារបស់អាមេរិក។ ក្រោយពី សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យមន្ត្រីអនុព័ន្ធយោធាអាមេរិក ចុះទៅទស្សនកិច្ច និងសិក្សា នៅតំបន់សមុទ្រ គ្រប់ពេលវេលា៕

To Top