ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា គម្រោងស្រូវត្រយងចូលរួមយ៉ាងច្រើន ក្នុងកិច្ចការងារអភិរក្ស ជាពិសេស អភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកស ដែលកំពុងជិតផុតពូជនៅលើពិភពលោក។ នេះបើ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារ សិក្សាស្វែងយល់ពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នាពេលថ្មីៗនេះ លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា «គម្រោងស្រូវត្រយង បានចូលរួមយ៉ាងច្រើន ក្នុងកិច្ចការងារអភិរក្ស ជាពិសេស អភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកស ដែលកំពុងជិតផុតពូជនៅលើពិភពលោក។ ក្រៅពីនេះវាក៏ គម្រោងស្រូវត្រយងបាន រួមចំណែកក្នុងការការពារ ធនធានធម្មជាតិ នឹងអភិរក្សជីវៈចម្រុះនៅកម្ពុជា»។
លោក បន្ដថា ប្រជាពលរដ្ឋចូលរួមក្នុង គម្រោងដាំស្រូវសង្រ្គោះសត្វព្រៃនេះ ចាំបាច់ត្រូវគោរពនូវលក្ខខណ្ឌ ចំនួន៤សំខាន់ រួមមាន ៖ ដាំស្រូវរបស់ពួកគាត់មិនត្រូវ ដាំលើផ្ទៃដីដែលពង្រីកថ្មី មានន័យថា មិនអនុញ្ញាត្តឲ្យមានទន្ទ្រានកាន់កាប់ដីព្រៃថ្មីទេ ,ហាមបរបាញ់សត្វ ,ហាមកាប់ឈើ និងហាមប្រើប្រាស់ជីគីមី សម្រាប់ការដាំដំណាំស្រូវរបស់ខ្លួន។
លោក បន្ថែមថា ស្រូវសង្រ្គោះសត្វព្រៃបានចាប់ផ្តើមឡើង នៅក្នុងខេត្តព្រះវិហារនេះ រួចហើយបានពង្រីកខ្លួន ទៅកាន់តំបន់ការពារធនធានធម្មជាតិនានា នៅកម្ពុជា គឺមានការពង្រីកគម្រោងពីខេត្តព្រះវិហារ ទៅស្ទឺងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគីរី។ សរុបគ្រួសារដែលបានចូលរួម ដាំគម្រោងស្រូវប្រភេទនេះ ក្នុងតំបន់ការពារធម្មជាតិនៃខេត្តទាំងនោះមាន ១៥០០ គ្រួសារ។ សម្រាប់ទិន្នផលស្រូវដែលកសិករធ្វើបានគឺមាន គុណភាពល្អ ហើយត្រូវបានលក់ក្នុងតម្លៃមួយលើស ៥០ភាគរយនៃតម្លៃទីផ្សារ។
គួរបញ្ជាក់ថា គម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃព្រះរកា កំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) សហការជាមួយក្រសួងបរិស្ថាន។ ការបង្កើតគម្រោងនេះដែរ គោលបំណងសំខាន់ ដើម្បីបង្កើនជីវភាពរបស់ប្រជាសហគមន៍ នឹងទប់ស្កាត់ការទន្ទ្រានដីព្រៃ មិនឱ្យប្រជាសហគមន៍រុករានចូល ក្នុងតំបន់ការពារធម្មជាតិឡើយ៕