ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សា នុយក្លេអ៊ែអ៊ីរ៉ង់ បន្តធ្វើស្របពេលអាល្លឺម៉ង់ ស្នើឲ្យមានការវិវត្ត ទៅមុខឲ្យបានលឿន

បរទេស ៖ កិច្ចពិភាក្សាគ្នា ដោយប្រយោល រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ឡើងវិញ បានបន្តធ្វើនៅក្នុង ទីក្រុងវីយែន កាលពីថ្ងៃសៅរ៍ ស្របពេលដែលសហភាព អឺរ៉ុបនិយាយថា កិច្ចចរចាគ្នា មានភាពតានតឹង និងអាល្លឺម៉ង់ ស្នើឲ្យមានការវិវត្ត ទៅមុខឲ្យបានលឿន ។

កិច្ចពិភាក្សាគ្នាជុំទី៦ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមតាមធម្មតា ដោយកិច្ចប្រជុំមួយ នៃភាគីនៅសេសសល់ ក្នុងកិច្ចព្រមព្រៀងនោះ គឺប្រទេសអ៊ីរ៉ង់ រុស្ស៊ី ចិន បារាំង អង់គ្លេស អាល្លឺម៉ង់ និងសហភាពអឺរ៉ុប នៅក្នុងសណ្ឋាគារដ៏ប្រណីតមួយ ។

ប្រធានផ្នែកសម្រប សម្រួលកិច្ចពិភាក្សា លោក Enrique Mora ជាមន្ត្រីគោលនយោបាយ បរទេស សហភាពអឺរ៉ុប ដែលកំពុងដឹកនាំកិច្ចការការទូត រវាងអ៊ីរ៉ង់និង សហរដ្ឋអាមេរិកនោះ បាននិយាយថា លោករំពឹងសម្រេចបានកិច្ច ព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សាជុំនេះ ប៉ុន្តែប្រេសិត ផ្សេងទៀត មានការប្រុងប្រយ័ត្នខ្លាំង ឡើង ដោយនិយាយថា បញ្ហាលំបាកជាច្រើន នឹងមិនទាន់ដោះស្រាយ បាននៅឡើយទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យសហភាពអឺរ៉ុបមួយរូបបាននិយាយដូច្នេះថា “យើងកំពុងតែបង្កើត ការវិវត្តទៅមុខ ប៉ុន្តែកិច្ចចរចាគ្នា គឺមានភាពតានតឹង ហើយបញ្ហានៅសេសសល់ជាច្រើន រួមមានទាំងវិធីត្រូវអនុវត្តវិធានការផងដែរ” ហើយលោកបន្តទៀតថា គោលដៅគឺ ដើម្បីស្វែងរកផ្លូវខិតឲ្យចូល ទៅកាន់តែជិត នឹងកិច្ចព្រមព្រៀង ចុងក្រោយមួយ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top