ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ជាបន្ទាន់ការទារ លុយពលរដ្ឋជាថ្នូរ ចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាន បញ្ជាឲ្យបញ្ឈប់ជា បន្ទាន់នូវអំពើទារលុយពីប្រជា ពលរដ្ឋ ដើម្បីជាថ្នូរក្នុងការចាក់វ៉ាក់សាំង កូវីដ-១៩ ។

ការអំពាវនាវនេះ ក្រោយមានជនខិលខូចទារលុយ ពីប្រជាពលរដ្ឋ។

ក្នុងឱកាសប្រគល់ថវិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន១០រៀល ជូនដល់អ្នក ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី៣លាន នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន ប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្នយុទ្ធនាការចាក់ វ៉ាក់សាំងមានល្បឿនលឿន ហើយផែនការចាក់ ឲ្យបាន១០លាននាក់ នឹងទទួលជោគជ័យ នាពេលឆាប់ៗនេះ។ លោកស្រីថា ការចាក់វ៉ាក់សាំងនេះ រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍យកថវិកាឡើយ។

លោកស្រីបន្ដថា បច្ចុប្បន្នមានជនខិលខូចធ្វើជាក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបានទារលុយពីអ្នកចាក់វ៉ាក់សាំង ហើយក្រសួងក៏បានដោះស្រាយបញ្ហាទាំងនេះរួចរាល់ដែរ។ លោកស្រី ប្រកាសថា ការចាក់វ៉ាក់សាំងគឺគ្មានយកថវិកាឡើយ បើមានជនណាយកត្រូវរាយការណ៍ទៅក្រសួងសុខាភិបាលភ្លាមៗ ដើម្បីចាក់វិធានការតាមផ្លូវ។

លោកស្រីបន្ថែមថា ក្រសួងសុខាភិបាល ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងកូវីដ-១៩ត្រឹមត្រូវ និងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

លោកស្រីបញ្ជាក់ថា «ខ្ញុំសូមប្រកាសថា ជនខិលខូចត្រូវដកខ្លួនចេញ សូមឈប់ប្រព្រឹត្តិនូវអំពើនេះ(ទារយកលុយ) អស់លោកមិនចំណេញអីទេ ទារគាត់ ៤០ដុល្លារ យកទៅមិនរស់ទេ ហើយវាអាក្រក់ទៀត ហើយសំខាន់នោះ ខុសពីគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាល ។ ចឹងបើសិនជនប្រព្រឹត្តិបែបនេះ មានន័យថា គាត់ប្រព្រឹត្តិខុសច្បាប់ ។ ចឹងប្រយ័ត្នរកមុខឃើញ ត្រូវទទួលទោសតាមផ្លូវច្បាប់ហើយ»។

លោកស្រីក៏បានបញ្ជាក់ទៀតថា «សូមឲ្យបញ្ឈប់ជាបន្ទាន់ ប្រសិនបើកន្លែងណាមួយមានហេតុការណ៍ នេះកើតឡើង (ទារយកលុយ) ហើយសូមបងប្អូនកុំចាញ់បោកបន្ដទៀត ហើយបងប្អូនកុំភ័យ កុំខ្លាចអ្វីទាំងអស់»។

ក្រោយមានប្រជាពលរដ្ឋមួយចំនួនចោទសួរថា មូលហេតុអ្វីចាក់វ៉ាក់សាំងកូវីដ-១៩ហើយ នៅឆ្លងជំងឺកូវីដ-១៩ទៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានឆ្លើយតបវិញថា ទោះបីប្រជាពលរដ្ឋចាក់ វ៉ាក់សាំងរួចរាល់ក៏ដោយ នៅតែឆ្លងជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋមិនប្រុងប្រយ័ត្នចំពោះខ្លួនឯង ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់ វ៉ាក់សាំងការពារ កូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៣,០០០,២៦៤នាក់៕

To Top