ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បា នថ្លែងថា គម្រោងកម្មវិធី វិនិយោគ ក្នុង វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ហៅកាត់ថា កម្មវិធី 3i នៃប្រទេសអូស្ត្រាលី ពិតជារួមចំណែកជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដែល កំណត់ ថា ឆ្នាំ ២០២៥ ទីប្រជុំជន នឹងទទួល ទឹកស្អាត ប្រេីប្រាស់ ១០០% និងឆ្នាំ២០៣០ ទទួលបាន ទូទាំង ប្រទេស តាម គ្រប់ មធ្យោបាយ ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងឧស្សាហកម្ម ។
ក្នុង ពិធី ទទួល ផែនទីតំបន់សេវាទឹកស្អាតពី កម្មវិធី3i អូស្ត្រាលី នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នៅទីស្តីការក្រសួង លោក ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្ត គម្រោង កម្មវិធី3i របស់ ប្រទេស អូស្ត្រាលី ។
លោក បញ្ជាក់ ថា «ក្នុង នោះ លេីវិស័យទឹកស្អាតឃេីញថា កំពុង គ្រប ដណ្តប់ ស្ទើរ ទូទាំង ប្រទេស ក្នុង ដំណាក់កាល ផ្សេងៗ គ្នា ។ គម្រោង នេះពិតជាបានរួមចំណែកជាមួយ ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល កម្ពុជា ដែល កំណត់ ថា នៅឆ្នាំ ២០២៥ ទីប្រជុំជន នឹងទទួល ទឹកស្អាត ប្រេីប្រាស់ ១០០% និងនៅឆ្នាំ២០៣០ ទទួលបាន ទូទាំង ប្រទេស តាម គ្រប់ មធ្យោបាយ »។
លោក បន្ដថា «ការ ទទួល បាន ផែនទី នាថ្ងៃនេះ គឺពិតជា មានសារៈសំខាន់ណាស់ ដេីម្បី យេីង ដឹង ពី ស្ថានភាព និងដេីម្បី តាម ដាន ពី វឌ្ឍនភាព នៃការ ផ្គត់ផ្គង់ ទឹកស្អា ត ហេីយក៏ជាមូលដ្ឋានសម្រាប់ការពិនិត្យវាយតម្លៃ ក្នុង ផែនការសកម្មភាពរបស់យេីងផងដែរ »។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បាន ស្នេីឲ្យប្រទេសអូស្ត្រាលី បន្តការផ្តល់ជំនួយអភិវឌ្ឍ ជំនួយ បច្ចេកទេស ការ ផ្ទេរបច្ចេវិទ្យា ដូចជា ជំនាញការធ្វេីបច្ចុប្បន្នភាពលេីផែនទីសេវាគ្របដណ្តប់ និងការ ពិនិត្យ លទ្ធភាពផ្តល់ជំនួយបច្ចេកទេសចំពោះការបំពាក់ ប្រព័ន្ធ Sensor សម្រាប់ ត្រួតពិនិត្យ គុណភាព ទឹក ប្រចាំ ថ្ងៃ ផងដែរ ។
នាឱកាសនោះដែរ លោក Pablo Kang ឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់អូស្ត្រាលី ក៏ដូចជា បេសកកម្មរបស់កម្មវិធី 3i ក្នុងការចូលរួមចំណែកការអភិវឌ្ឍនតាមរយ:ការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ ក្នុងនោះ បានផ្តោតលេីហិរញ្ញប្បទានឥតសំណង សម្រាប់ ការអភិវឌ្ឍវិស័យទឹកស្អាត វិស័យ អគ្គិសនី ស្តង់ដារ ផលិតផល និងកសិ-កែច្នៃ ជាដេីម ។ ក្រៅពីនោះ ប្រទេសអូស្ត្រាលីក៏មានជំនួយអភិវឌ្ឍក្រោមក្របខណ្ឌ អាស៊ាន -អូស្ត្រាលី និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គផងដែរ ។
លោក ក៏បាន បង្ហាញនូវជំហរគាំទ្រចំពោះសំណេីរលេីកឡេីងពី លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ខាងលេី ដេីម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ។
សូមរំលឹកថា តាមរយៈ កិច្ចសហប្រតិបត្តិការរវាង ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ កម្មវិធី វិនិយោគ ក្នុង វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ហៅកាត់ថា កម្មវិធី 3i នៃប្រទេសអូស្ត្រាលី បានស្តែងចេញនូវ សារ:សំខាន់ នៃហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការអនុវត្តគម្រោង និងសកម្មភាពគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ៕