រ៉ង់ហ្គូន ៖ ការកាត់ទោសមេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ពីតំណែង របស់ប្រទេសមីយ៉ាន់ម៉ា បានចូលដល់ថ្ងៃទី ២ របស់ខ្លួន នៅថ្ងៃអង្គារ ទី ១៥ ខែមិថុនាម្សិលមិញនេះ ដោយអយ្យ ការបានបង្ហាញ នូវអំណះអំណាង ដែលថា លោកស្រី បានញុះញង់ ឱ្យមានភាពច្របូកច្របល់ ជាសាធារណៈនិង បដិសេធនូវការរឹតត្បិត លើជំងឺកូវីដ -១៩ ដែលជាផ្នែកមួយ នៃ ការចោទប្រកាន់ ដែលរបបយោធា កំពុងត្រូវបានគេ មើលឃើញ ដូចជាប្រើ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ លោកស្រី និងពង្រឹងការគ្រប់គ្រង របស់ខ្លួន។
លោកស្រីអ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀត នៃរដ្ឋាភិបាល និងគណបក្សរបស់លោកស្រី ត្រូវបានចាប់ខ្លួនដោយយោធា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដោយការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ប្រឆាំងនឹងឥស្សរជនកំពូល ៗ មួយចំនួន ដែលទាំងអ្នកគាំទ្រ និងអ្នកសង្កេតការណ៍ឯករាជ្យលើកឡើងថា ជាការក្លែងបន្លំ ។
រដ្ឋប្រហារ បានផ្លាស់ប្តូរកំណែទម្រង់ប្រជាធិបតេយ្យ ជាច្រើនឆ្នាំនៅក្នុងប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីការគ្រប់គ្រង យោធាជាច្រើនទសវត្ស និងបានបង្កឱ្យមានការតវ៉ា រីករាលដាល និងការថ្កោលទោស អន្តរជាតិផងដែរ ។
លោកស្រីអ៊ុងសាន ស៊ូជី និងគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី គ្រោងនឹងចាប់ផ្តើមអាណត្តិ ៥ ឆ្នាំជាលើកទី២ បន្ទាប់ពីទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជាតិ កាលពីខែវិច្ឆិកា។
លោកស្រីអ៊ុងសាន ស៊ូជី មិនត្រូវបានគេមើលឃើញ ជាសាធារណៈនោះទេ ចាប់តាំងពីមានការចាប់ខ្លួនលោកស្រី ហើយមេធាវីរបស់លោកស្រី វានលើកឡើងថា ពួកគេមិនដឹងច្បាស់ថាលោកស្រី ត្រូវបានគេឃុំឃាំង នៅ ទីណានោះទេ ហើយលោកស្រី ក៏មានពេលវេលាមាន កំណត់ដើម្បីពិគ្រោះយោបល់ ជាមួយក្រុមមេធាវី របស់លោកស្រីផងដែរ ។
ការប្រជុំនៅថ្ងៃអង្គារម្សិលមិញនេះ គឺដើម្បីការពារការចោទ ប្រកាន់ អំពីការបះបោរប្រឆាំង នឹងលោកស្រីអ៊ុងសាន ស៊ូជី ជាមួយនឹងការរាប់លើកទីពីរ នៃការរំលោភលើការរឹតត្បិត ច្បាប់លើជំងឺកូវីដ-១៩ ។
ការចោទប្រកាន់ពីការបះបោរ ដែលពេលខ្លះ ត្រូវបានគេពិពណ៌នាថា ជាការញុះញង់ ត្រូវប្រឈមនឹងការ ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ សម្រាប់ជនណាម្នាក់ ដែលត្រូវបានរកឃើញថា មានកំហុសបង្កការ ភ័យខ្លាច ឬការជូនដំណឹង ដែលអាចបង្កឱ្យមានបទល្មើសប្រឆាំងនឹងរដ្ឋ ឬភាពស្ងប់ស្ងាត់របស់សាធារណៈ ។
បទល្មើសនេះ គឺជាច្បាប់ចាប់តាំងពីប្រទេស មីយ៉ាន់ម៉ា ស្ថិតក្រោមអាណានិគមអង់គ្លេស ហើយត្រូវបានគេរិះគន់ថា ជាលក្ខន្តិកៈដែលរំលោភ លើសិទ្ធិសេរីភាព នៃការបញ្ចេញមតិ ហើយត្រូវបានប្រើសម្រាប់ ការបង្ក្រាបនយោបាយ ៕
ដោយ ឈូក បូរ៉ា