ភ្នំពេញ៖ ស្របពេល ដែលចំណាត់ការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ តាមដងទន្លេរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រ យ៉ាងខ្លាំងក្លាពីមហាជន ជាជំហានបន្ទាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា ការដោះស្រាយបញ្ហា ជនអន្តោប្រវេសន៍ ខុសច្បាប់នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ ឲ្យបានម៉ឺងមាត់បំផុត និងមិនត្រូវប្រើអារម្មណ៍ នោះទេ។
តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ មិថុនានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសង្កត់ធ្ងន់ថា “ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ ឲ្យបានម៉ឺងមាត់បំផុត និងមិនត្រូវប្រើអារម្មណ៍នោះទេ ហើយកិច្ចការងារ នេះ បើធ្វើមិនបានល្អទេ គឺកម្ពុជាអាចនឹងជាន់ ដានប្រវត្តិសាស្រ្ត មិនខានឡើយ។ ខ្មែរសាមគ្គី ខ្មែរខ្លាំង ខ្មែរបែកបាក់ ខ្មែរស្លាប់ ហើយសម័យលង្វែកវិនាសខ្ទិចខ្ទី គឺផ្តើមចេញពីការបែកបាក់ផ្ទៃក្នុងរបស់ជាតិ”។
សូមរំលឹកថា កម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមអនុវត្ត សេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា បានចុះរុះរើបែចិញ្ចឹមត្រី និង ផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្រ្តខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញបានប្រមាណ១៣៨១កន្លែង៕