ព័ត៌មានជាតិ

ក្រសួងសាធារណការ ពិនិត្យលើការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពី ទឹកកខ្វក់ និងប្រព័ន្ធលូ

ភ្នំពេញ៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមកាងារអន្តរ ក្រសួង ដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ទឹកកខ្វក់ និងប្រព័ន្ធលូ បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្ត លើសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដោយមានការចូលរួមដោយផ្ទាល់ តាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ នាពេលថ្មីៗនេះ។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង បន្តពិនិត្យពិភាក្សា ប្រមូលធាតុចូល និងកែសម្រួលលើសេចក្តី ព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីឱ្យការរៀបចំច្បាប់នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ បម្រើ ឱ្យឧត្ដមប្រយោជន៍ជាតិ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានណែនាំឲ្យក្រុមការងារជំនាញបន្តរៀបចំ សន្ទានុក្រមពាក្យបច្ចេកទេស ដែលប្រើប្រាស់នៅក្នុងច្បាប់នេះ ដើម្បីងាយយល់ ព្រមទាំងស្រាវជ្រាវ រកឯកសារច្បាប់ពាក់ព័ន្ធ ទាំងឡាយក្នុងវិស័យនេះ ទាំងនៅក្នុងច្បាប់ជាតិនិងអន្តរជាតិ ដើម្បីយកមកពិចារណា ប្រៀបធៀបក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះ ឱ្យមានសង្គតិភាពទៅនឹងបរិបទសង្គម និង សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមការងារ ជំនាញ ដែលបានចូលរួមយ៉ាងផុសផុល ក្នុងការផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលសំខាន់ៗប្រកបដោយ ខ្លឹមសារ ដើម្បីឱ្យការរៀបចំសេចក្ដីព្រាងច្បាប់នេះ មានអត្ថន័យគ្រប់គ្រាន់ និងអាចទទួលយកបានពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ៕

To Top