បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើការប្រកាស ជាសាធារណៈជាលើកដំបូង របស់លោក ស្តីពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រនេះ ដោយ និយាយថា ទីក្រុងព្យុងយ៉ាង ត្រូវតែត្រៀមខ្លួន ទាំងសម្រាប់ការពិភាក្សាគ្នា និងការប្រឈមមុខដាក់គ្នា ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ។
លោក គីម ជុងអ៊ុន បានធ្វើការសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងជើង គួរតែត្រៀមខ្លួន ឲ្យពេលលេញជាពិសេស សម្រាប់ការប្រឈម មុខដាក់គ្នា ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ជាតិ សម្រាប់ការអភិវឌ្ឍ ដោយឯករាជ្យ និងដើម្បីធានាដល់ បរិយាកាសសន្តិភាព និងសន្តិសុខប្រទេស។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងបែបនេះ របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងថ្ងៃទី៣ នៃកិច្ចប្រជុំពេញអង្គ របស់គណបក្សកាន់អំណាច គឺបក្សពលករកូរ៉េ ។
ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើការវិភាគយ៉ាងលម្អិត ចំពោះនិន្នាការគោល នយោបាយរបស់រដ្ឋបាលថ្មី របស់សហរដ្ឋ អាមេរិក និងបានធ្វើការបញ្ជាក់ ពីចំណាត់ការទប់ទល់ ប្រកបដោយយុទ្ធសាស្ត្រ ដ៏សមស្របផងដែរ ៕
ប្រែសម្រួល៖ប៉ាង កុង
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									