បរទេស៖ មានតែវីឡានៅមាត់សមុទ្រថ្មីចំនួន ១៩ ភាគរយប៉ុណ្ណោះ ដែលត្រូវបានលក់ដាច់កាលពីខែឧសភា ដោយសារផ្នែកអចលនទ្រព្យ បានទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃ Covid-19 ។ យោងតាមអ្នកពិគ្រោះយោបល់ផ្នែកអចលនៈទ្រព្យវៀតណាម DKRA បានឱ្យដឹងថា វីឡារីសតរហូតដល់ ១១៦ ពីគំរោងចំនួន ៦ បានចូលមកក្នុងទីផ្សារក្នុងខែឧសភាដែលមានចំនួន ២,២ ដងបើប្រៀបធៀបនឹងខែមុន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ផ្ទះវីឡាថ្មីនេះមានទីតាំងស្ថិតនៅភាគខាងត្បូងនៃខេត្ត Ba Ria-Vung Tau ខេត្តភាគខាងត្បូងភាគកណ្តាលនៃខេត្ត Binh Thuan និងកោះ Phu Quoc នៅខេត្ត Kien Giang ភាគខាងត្បូង។ ទោះយ៉ាងណាក៏ដោយ គឺមានតែការផ្គត់ផ្គង់ថ្មីចំនួន ២២ យូនីត ប៉ុណ្ណោះដែលត្រូវបានលក់ដាច់។
ទន្ទឹមនឹងនេះដែរ ផ្ទះនិងហាងថ្មីសរុបចំនួន ១៩៣ កន្លែងនៅតាមតំបន់ឆ្នេរ ត្រូវបានដាក់លក់កាលពីខែឧសភា ពោលគឺធ្លាក់ចុះ ៧២ ភាគរយបើប្រៀបធៀបទៅនឹងខែមុន។ ការផ្គត់ផ្គង់ថ្មីនេះគឺស្ថិតនៅក្នុងទីផ្សារចំនួន ៣ នៃកោះភូគុក និងខេត្តភាគខាងត្បូង – កណ្តាលគឺខេត្ត Khanh Hoa និងខេត្ត Binh Thuan។ ក្នុងចំណោមនោះ មានតែ ៨១ យូនីត ប៉ុណ្ណោះដែលបានលក់ដាច់ ដែលជាការធ្លាក់ចុះ ៨៤ ភាគរយពីមួយខែទៅមួយខែ។
DKRA បានពន្យល់ថា ការផ្ទុះឡើងនៃ Covid-19 រលកទី ៤ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា បានធ្វើឱ្យវិនិយោគិនស្ទាក់ស្ទើរអំពីទីផ្សារអចលនទ្រព្យលក្ខណៈរីសត៕
ប្រែសម្រួលៈ ណៃ តុលា