ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង រឹតបន្តឹងវិន័យបក្ស និងតែងតាំងសមាជិក ការិយាល័យនយោបាយថ្មី

បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានធ្វើការរឹតបន្តឹងវិន័យ បក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាច និងបានតែងតាំងសមាជិកថ្មី របស់ការិយាល័យនយោបាយ របស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េ KCNA។

គណៈកម្មការកណ្ដាលរបស់បក្ស បានប្រារព្ធធ្វើកិច្ចប្រជុំពេញអង្គសម្រាប់លើកទី៤ និងជាថ្ងៃចុងក្រោយដែលកិច្ចប្រជុំនេះ ធ្វើការត្រួតពិនិត្យឡើងវិញ នូវបញ្ហានៃការរៀបចំនិងមនោគមវិជ្ជា សម្រាប់អង្គភាពដឹកនាំថ្នាក់កណ្ដាលរបស់ខ្លួន។

ភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ KCNA បានរាយការណ៍ដោយមិនបានផ្តល់សេចក្តីលម្អិតថា សមាជិកខ្លះនៃថ្នាក់ដឹកនាំ បានបង្ហាញនូវការសោកស្តាយ ដែលមិនបានធ្វើទៅតាមការរំពឹងទុករបស់ខ្លួន ក្រោយលោក គីម ជុងអ៊ុន បានចង្អុលបង្ហាញនូវបញ្ហាធ្ងន់ធ្ងរជាមួយបែបរស់នៅរបស់ពួកគេ។

ការិយាល័យនយោបាយ ដ៏មានអំណាចរបស់គណៈកម្មការកណ្ដាល ក៏បានបោះឆ្នោតជ្រើសលោក Thae Hyong Chol ជាអនុប្រធាននៃគណៈប្រធានសភាប្រជាជនជាន់ខ្ពស់ ឲ្យចូលជាសមាជិកថ្មី និងលោក U Sang Chol ជាមន្ត្រីមួយរូបនៅគណៈកម្មការសវនកម្មកណ្ដាលរបស់បក្ស ឲ្យចូលជាសមាជិកបន្ទាប់៕

ប្រែសម្រួល៖ប៉ាង កុង

To Top