បរទេស៖គណៈកម្មការនៃអ្នកនយោបាយ ប្រឆំាងរបស់ប្រទេស វេណេស៊ុយអេឡា នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រួចសែល ដើម្បីស្វះស្វែងរកការគាំទ្រ និងពិភាក្សាជាមួយសម្ពន្ធមិត្តរបស់ខ្លួន លើគោលជំហររបស់ពួកគេ ស្តីពីលើកលែងទណ្ឌកម្មចុងក្រោយ នេះបើតាមមេដឹកនាំប្រឆំាង លោក Juan Guaido និយាយនៅថ្ងៃសុក្រ។
តាមសេចក្តីរាយការណ៍ លោក Juan Guaido បាននិយាយប្រាប់អ្នកសារព័ត៌មានថា គណៈកម្មការដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកនិងអឺរ៉ុប គឺជាក្រុមតែមួយដែលបានជួបជាមួយមន្ត្រីមកពីប្រទេសន័រវេស ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្នុងគោលបំណងបង្កើតកិច្ចពិភាក្សាគ្នាមួយ ជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។
លោក Juan Guaido ដែលបានស្នើឲ្យមានកិច្ចព្រមព្រៀងសង្គ្រោះជាតិ ដើម្បីជួយប្រទេសវេណេស៊ុយអេឡារួចផុតពីវិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយនោះ កាលពីខែមុន បានមានប្រសាសន៍ថា លោកនឹងគាំទ្រដំណើរដកទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ក្នុងលក្ខខណ្ឌដែលលោក ម៉ាឌូរ៉ូ យល់ព្រមចំពោះការបោះឆ្នោតជ្រើសប្រធានាធិបតីដោយសេរីនិងយុត្តិធម៌។
មេដឹកនាំប្រឆាំងរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងពិភាក្សាគ្នាជាំមួយសម្ពន្ធមិត្តរបស់យើង នូវទម្រង់ការងារដែលពួកគេមានអារម្មណ៍សុខស្រួល ជាឧទាហរណ៍ គឺការលើកលែងទណ្ឌកម្ម ដែលផ្អែកលើការអនុវត្ត (របស់រដ្ឋាភិបាល) នូវកិច្ចព្រមព្រៀងមួយ”៕
ប្រែសម្រួល៖ប៉ាង កុង