ព័ត៌មានជាតិ

គម្រោងផ្លូវលឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេច៥៥% ក្រសួងជំរុញក្រុមហ៊ុន ឲ្យបញ្ចប់ត្រឹម ខែកញ្ញា ឆ្នាំ២០២២

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រហូតមកដល់ពេលនេះ សម្រេចបានប្រហែល ៥៥%ហើយ ដោយក្រសួងជំរុញឲ្យ ក្រុមហ៊ុនសាងសង់ផ្លូវ បញ្ចប់ការដ្ឋាន របស់ខ្លួន ត្រឹមខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ។

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់បើកការដ្ឋាន កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានការចូលរួម អនុរដ្ឋមន្ដ្រីការបរទេសចិន មានប្រវែង ១៨៧គីឡូម៉ែត្រ និងចំណាយថវិកា ជាង២ពាន់លានដុល្លារ។

ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ប្រាប់ក្រុមអ្នក សារព័ត៌មានថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងមានរបង សង់ខាងផ្លូវ មិនឲ្យសត្វពាហនៈឆ្លងកាត់ផ្លូវ ដូច្នេះ អ្នកដំណើរអាច បើកល្បឿន១០០ គីឡូម៉ែត្រ ក្នុង១ម៉ោងបាន ។

លោកបានថ្លែងថា «មកដល់ម៉ោងនេះ ការដ្ឋាននេះ បានសាងសង់ប្រហែលជា ៥៥ភាគរយហើយ លើផ្លូវចម្ងាយ១៨៧ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកា ប្រហែលជា២ពាន់លានដុល្លារ សហរដ្ឋអាមេរិក»។

លោក បញ្ជាក់យ៉ាងដូច្នេះថា «គម្រោងសាងសង់ផ្លូវល្បឿន លឿន ប្រើប្រាស់រយៈពេល៤៨ខែ ដូច្នេះត្រូវចប់ ឆ្នាំ២០២៣ ខែមិនា។ ក៏ប៉ុន្ដែយើងខ្ញុំ ស្នើឲ្យក្រុមហ៊ុន ពន្លឿនសាងសង់នេះ ឲ្យបានចប់ ខែកញ្ញា ឆ្នាំ២០២២ ពេលធ្វើច្បាប់ហើយ ខ្ញុំក៏ពិភាក្សាជាមួយក្រុមហ៊ុនថា តើគួអនុញ្ញាតឲ្យមួយអាទិត្យ ឬអាចមួយខែ ដោយប្រជាពលរដ្ឋ ប្រើប្រាស់ដោយឥតគិត ថ្លៃសិន ឲ្យលោកស្គាល់ផ្លូវល្បឿន លឿនរបស់កម្ពុជាយើង»។

លោកក៏បានស្នើឲ្យក្រុមហ៊ុន បញ្ចុះតម្លៃទាបបំផុត សម្រាប់ពលរដ្ឋធ្វើដំណើរ តាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ។ លោកថា នៅលើពិភពលោក តម្លៃធ្វើដំណើរ តាមផ្លូវល្បឿនលឿន១០-១៥សេន ក្នុង១គីឡូម៉ែត្រ។

លោកបន្ថែមថា នៅតាមបណ្ដាយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក៏មិនអនុញ្ញាតឲ្យពលរដ្ឋលក់តាមចញ្ចឹមផ្លូវដែរ ដោយត្រូវមានអាហារដ្ឋានយ៉ាងត្រឹមត្រូវ ។ ក្នុងនោះចំនួន៣កន្លែង សម្រាប់ឲ្យអ្នកដំណើរឈប់សម្រាកដោយងាយស្រួលបំផុត។

សូមរំលឹកថា ចំពោះការដោះស្រាយផលប៉ះពាល់ ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង១៨៦,៨៦គីឡូម៉ែត្រហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួង កំពុងតែខិតខំប្រឹង ប្រែងធ្វើការដោះស្រាយបញ្ហា ដែលនៅ សេសសល់ឲ្យបានរួចរាល់ ក្នុងពេលឆាប់ៗនេះ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និង ខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារ ជាទុនវិនិយោគរបស់ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុប នៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ រួមមាន៖ គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដទទឹង១៥ម៉ែត្រ ចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗ មានទទឹង៣,៧៥ម៉ែត្រ អាចឲ្យយានយន្ត គ្រប់ប្រភេទបើកបរ ក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុង១ម៉ោង៕

To Top