ភ្នំពេញ ៖ តាមការអញ្ជើញ របស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ នៅក្នុងពិធីបើក នៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងពិភពលោក ដែលកំពុងផ្លាស់ប្ដូរ» នៅថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ធ្វើឡើងជាទំរង់រូបវ័ន្ត និងតាមរយៈប្រព័ន្ធវីដេអូ ។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ មិថុនា បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញធ្វើជា វាគ្មិនកិត្តិយស នៅក្នុងពិធីបើកកិច្ចសន្ទនាខាងលើនេះ ជាមួយលោក ប៊ូយ ថាញ់សឺន លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុក កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាន គណៈកម្មការអឺរ៉ុប លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និងលោក Sergey V. Lavrov រដ្ឋមន្រ្តីការបរទេស នៃសហព័ន្ធរុស្ស៊ី ផងដែរ ។
សុន្ទរកថាគន្លឹះរបស់ លោកឧបនាយករដ្ឋមន្ត្រី នឹងផ្តោតលើដំណើរការនៃ ការប្រព្រឹត្តទៅរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៩៦ តួនាទីរបស់កិច្ចប្រជុំនេះជាគ្រឹះមួយ ក្នុងចំណោមគ្រឹះនានា នៃអភិបាលកិច្ចសកល ការធ្វើឲ្យប្រសើរឡើងវិញ នូវ ពហុភាគីនិយម ដើម្បីដោះស្រាយ បញ្ហាប្រឈម សកលដូចជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់ របស់ជំងឺនេះទៅលើវិស័យសេដ្ឋកិច្ច -សង្គម ជាដើម។ ក្នុងន័យនេះ មូលបទ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជា បានដាក់ចេញ «ការពង្រឹងពហុភាគី និយម ដើម្បីកំណើនរួមគ្នា» គឺពិតជាមានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងចែករំលែកចក្ខុវិស័យ របស់លោកលើអនាគតរបស់ ASEM នៅឆ្នាំខាងមុខផងដែរ ជាពិសេស គឺកិច្ចសហប្រតិបត្តិការ ពហុវិស័យរបស់ ASEM ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅអាស៊ី និងអឺរ៉ុប ។
ក្នុងការរំលឹកខួប២៥ឆ្នាំ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប កិច្ចសន្ទនាជាន់ខ្ពស់នេះ នឹងផ្តល់នូវកាលានុវត្ត- ភាព សម្រាប់ដៃគូ ASEM និងភាគីពាក់ព័ន្ធទាំងអស់ដើម្បី (១) ឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់ASEM សម្រេចបាននាពេលកន្លងមក (២) វាយតំលៃពីទំនោរថ្មីៗដែលនឹងអាច ជះឥទ្ធិពលមកលើតួនាទី របស់ ASEM (៣) កំណត់វិស័យសហប្រតិបត្តិការសំខាន់ៗ របស់ ASEM និង (៤) ជំរុញភាពជាដៃគូ អាស៊ី-អឺរ៉ុប ឱ្យកាន់តែរីកចម្រើនថែមទៀត នៅក្នុងបរិបទ នៃពិភពលោក ដែលកំពុងមាន ការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះ ៕