ព័ត៌មានជាតិ

ប្រធានគណៈកម្មការទី៩ រដ្ឋសភា និងរដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ភ្នំពេញ ៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចម្រុះ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីសកម្មភាពការងារជាក់ស្តែង ក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍន៍នានា ផងដែរ ។

គួរកត់សម្គាល់ផងដែរថា ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារ មូលបត្រកម្ពុជា បោះផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០% នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណត កំពង់ផែពហុ បំណង ដោយឡែកទាក់ទងការងារ អាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ចំនួន ៦ ៦០១ ៨០៤តោន កើនឡើង 0,៨៣% បរិមាណ នាវាឆ្លងកាត់មាន ចំនួន១៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រ ឆ្លងកាត់មានចំនួន៦៤១ ៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ថយចុះចំនួន៧% ។

ជាមួយគ្នានេះផងដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍ រយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាព នៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រ ថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយ ត្រួតពិនិត្យទំនិញ ប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ។

ដោយឡែក ផែនការអភិវឌ្ឍ រយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ចំណតកុងតឺន័រ ជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រ ជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ ៕

To Top