ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ព្រមានចាប់រថយន្ដ ដឹកលើសទម្ងន់ទាំងអស់ មិនថា រថយន្ដអ្នកក្រ ឬអ្នកមាន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានចាប់រថយន្ដដឹកលើស ទម្ងន់ទាំងអស់ មិនថា រថយន្ដអ្នកក្រ ឬអ្នកមាន ហើយក៏គ្មានអន្ដរាគមន៍ដែរ ដូច្នេះ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ។

ក្នុងឱកាសចុះពិនិត្យមើលស្ពានរំលង អង្គតាសោម និងទីតាំងត្រៀមសាងសង់ស្ថានីយជញ្ជីងអចល័ត តាមបណ្ដោយ ផ្លូវជាតិលេខ៣ កំពត-ចោមចៅ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ទោះបីក្រសួងទ ប់ស្កាត់មិនឲ្យដឹកលើសទម្ងន់ ក៏មិនបាន១០០%ដែរ លុះត្រាតែប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីជួយថែរក្សាផ្លូវ ទាំងអស់គ្នា។

លោក បន្ដថា បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានដឹកលើសទម្ងន់ ដោយមិនគោរពច្បាប់ ដែលបណ្ដាលឲ្យផ្លូវឆាប់ខូច ជាពិសេសនោះ បង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកថា មានរថយន្ដដឹកលើសទម្ងន់ ២០% ត្រូវបានផាកពិន័យ និងរក្សាទុករយៈពេល១ ឆ្នាំ ផងដែរ។

លោក បញ្ជាក់យ៉ាងដូច្នេះថា «ឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង អ្នកអត់ខ្នង ធ្វើឲ្យខូចផ្លូវដូចគ្នា ចាប់ដូចគ្នា គ្មានរើសអើង។ តាំងពីខ្ញុំធ្វើកិច្ចការនេះមក មិនដែលមានអ្នកណាទូរស័ព្ទមកខ្ញុំ សូមអន្ដរាគមន៍ ដោះលែងឡានទេ»។

លោករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា ក្រសួងមានវិធានការ ក្ដៅដូចភ្លៀងរលឹម ហើយក្រុម ជញ្ជីងចល័ត ទៅតាមផ្លូវទាំងអស់ ដើម្បីចាប់រថយន្ដ​ ដឹកលើស ទម្ងន់កំណត់ដោយច្បាប់ ។ លោកថា មានរថយន្ដដឹក លើសទម្ងន់២០% ផាកពិន័យ ហើយមានរថយន្ដជាង១០០គ្រឿង ត្រូវបានយកទៅរក្សាទុក រយៈពេល១ឆ្នាំ​ ៕

To Top