ព័ត៌មានជាតិ

គម្រោងសាងសង់​ ផ្លូវជាតិលេខ៣ ចោមចៅ​-កំពត​សម្រេចបានស្ទើរតែ ១០០% ហើយ

ភ្នំពេញ​ ៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឲ្យដឹងថា​ គម្រោងវឌ្ឍនភាពការងារសាងសង់​ ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ​ រហូតដល់​ កំពត​ បច្ចុប្បន្ននេះសម្រេចបានស្ទើរតែ ១០០% ហើយ។

គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។

នាឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣​ នៅថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២១​ លោក​ ស៊ុន​ ចាន់ថុល​ បានថ្លែងថា​ ផ្លូវជាតិលេខ៣​ ធ្វេីចប់រួចរាល់មុនផែនការ​ រហូតដល់មួយឆ្នាំ ដោយគិតមកដល់ពេលនេះ​ សម្រេចបាន៩៨% ហេីយមានគុណភាពល្អ និងធ្វេីលឿន​។

លោក​ បន្ដថា​ ក្រសួងទុកសុពលភាពរយៈពេលមួយឆ្នាំជូនក្រុមហ៊ុនសាងសង់ បន្ទាប់ពីការសាង សង់ត្រូវបានបញ្ចប់ជាស្ថាពរ ដើម្បីដំណើការតាមដានគុណភាពផ្លូវសិន មុននឹងក្រសួងចុះហត្ថលេខា សម្រេចទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់ ក្នុងគោលបំណងធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ។

លោក​ ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវនេះបង្កប់ជញ្ជីងថ្លឹងទម្ងន់ក្រោមដី ដែលអនុញ្ញាត ឱ្យដឹងទាំងល្បឿន ដឹងទាំងទម្ងន់ឡាន ហើយកាមេរ៉ាចាប់បានទាំងផ្លាកលេខឡាន ដើម្បីថែរក្សាផ្លូវនេះឱ្យបានយូរអង្វែង។ លោក​ សំណូមពរឱ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន៖ ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០% ចំនួន២កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាបង្ហាញទិសដៅផ្លូវ កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និង គ្រោងបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ៕

To Top