ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ ទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាអ្នកឆ្លងជំងឺកូវីដ-១៩ នៅពន្ធនាគារ ហើយក្រសួង ក៏មានវិធានការបន្ដទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងពន្ធនាគារផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងបញ្ចប់អាណត្តិ ប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា នាពេលកន្លងមក មានការឆ្លងជំងឺកូវីដ-១៩ ដល់ពន្ធនាគារ ហើយក្រសួងមហាផ្ទៃ យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដោះស្រាយបញ្ហានេះ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ឥឡូវនេះ ទទួលជោគជ័យ ក្នុងការដោះស្រាយបញ្ហា នៃការឆ្លងជំងឺក្នុងពន្ធនា គារ ហើយមានវិធានការមួយចំនួនត្រូវបានអនុវត្ត និងកំពុងតែពិចារណាអនុវត្ត ក្នុងនោះរួមមាន ៖ ការធ្វើតេស្ដរហ័ស រកជំងឺកូវីដ-១៩ ហើយធ្វើការជែកអ្នកដែលមានជំងឺ និងអ្នកមិនមានជំងឺឱ្យនៅដាច់ដោយឡែក ហើយក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ទាំងអ្នកជាប់ឃុំ និងមន្ដ្រីពន្ធនាគារ ដែលបម្រើការងារនៅក្នុងពន្ធនាគារ ផងដែរ»។
ចំពោះករណីរកជំងឺកូវីដ-១៩ ក្នុងពន្ធនាគារនោះ សម្ដេចក្រឡាហោម បានឲ្យដឹងថា ក្រសួងមហាផ្ទៃ ធ្វើកិច្ចសហ ការយ៉ាងល្អជាមួយ ក្រសួងសុខាភិបាល ដើម្បីជំរុញដល់ព្យាបាលជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ កំពុងធ្វើកិច្ចសហការជាមួយ ក្រសួងយុត្តិធម៌ ដើម្បីពិចារណាទៅលើស្ថានភាពទោសរបស់ ជនជាប់ឃុំ ដើម្បីធ្វើយ៉ាងណាឲ្យជួយសម្រួលដល់ស្ថានភាពចង្អៀតណែននៅពន្ធនាគារ ក្នុងស្ថានភាពប្រឈមជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
ជាការឆ្លើយតប លោកស្រី ឯកអគ្គរាជទូតបារាំង ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ដ្រីមហាផ្ទៃ ដែលបានផ្ដល់ព័ត៌មានករណីខាងលើនេះ។ លោកស្រី ក៏បានអះអាងថា ឯកអគ្គរាជទូតបារាំងថ្មី នឹងបន្ដកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា រួមទាំង ស្ថាប័នពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ផងដែរ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៤,៧១១នាក់ ក្នុងនោះ អ្នកជាសះស្បើយសរុប ចំនួន៣៩,៣១៤នាក់ និងស្លាប់សរុប ចំនួន ៤៧៥នាក់៕