ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ រំពឹងថា សិក្ខាកាម​ ចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញ ព័ត៌មានវិទ្យា និងឌីហ្សាញ នឹងក្លាយជាឧបករណ៍ ដ៏សំខាន់សម្រាប់ សង្គមជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ បានថ្លែងថា សិក្ខាកាមទាំងអស់ ចូលរួមវគ្គស័្វយសិក្សាអនឡាញ ព័ត៌មានវិទ្យា និងឌីហ្សាញ នឹងក្លាយជាឧបករណ៍ដ៏មានភាព ចាំបាច់សម្រាប់ខ្លួនឯង និង សង្គមជាតិទាំងមូល។

ក្នុងពិធីបើកវគ្គស័្វយសិក្សាអនឡាញ «ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ» នាថ្ងៃទី២៤ ខែមថុនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានណែនាំឲ្យចូល រួមវគ្គស័្វយសិក្សាអនឡាញនេះ ឱ្យបានពេញលេញ សម្រាប់បម្រើឱ្យអង្គភាពរបស់ខ្លួន ជាពិសេស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចការងារទាក់ទងទៅនឹងប្រព័ន្ធ ICT នាពេលអនាគត ។

នាយឧត្តមសេនីយ៍ មានប្រសាសន៍ថា «សិក្ខាកាមទាំងអស់ទទួលចំណេះដឹង ពីវគ្គស័្វយសិក្សាអនឡាញ នឹងក្លាយជាឧបករណ៍ ដ៏មានភាពចាំបាច់ សម្រាប់ខ្លួនឯង ជាពិសេស សម្រាប់សង្គមជាតិទាំងមូល ដូច្នេះ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការទទួលនូវវគ្គស័្វយ សិក្សាអនឡាញនេះ»។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណយ៉ាង នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលបានខិតខំស្វះស្វែងរកឱកាស ដើម្បីបានសិក្ខាកាមទទួលនូវអាហារូបករណ៍ សម្រាប់កម្មវិធីវិស័្វយសិក្សាអនឡាញ ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ នេះ ។

ឆ្លៀតឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ លើកឡើងថា ដោយមើលឃើញអំពីសកលភាវូបនីយកម្មបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រ ក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមាន ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាចលករស្នូល ក្នុងការបង្កើតប្រព័ន្ធ អេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រខាងលើ ស្ថាប័នជំនាញ បានកំពុងបង្កើតនូវយន្តការដំណាលគ្នា ដើម្បីធ្វើឲ្យសម្រេចបាននូវផែនការស្នូលទាំងឡាយគាំទ្រ ដល់ការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ។

សូមជម្រាបថា វគ្គស្វ័យសិក្សា (Video Training) គឺជាកម្មវិធីស្វ័យសិក្សាអនឡាញ តាមរយៈកម្មវិធី OneSala ផ្តល់ជូននូវ អាហារូបករណ៍ស្វ័យសិក្សាចំនួន ៥០០កន្លែង លើជំនាញព័ត៌មានវិទ្យា និងឌីស្សាញ ជូនដល់សិក្ខាកាមដែលចាត់បញ្ជូន មកពីបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពង្រឹងចំណេះដឹង សមត្ថភាព ជំនាញ ក្នុងការអភិវឌ្ឍជាតិ ក្នុងយុគ្គសម័យ នៃសេដ្ឋកិច្ចឌីជីថល ការអនុវត្តរដ្ឋាភិបាលឌីជីថល និងត្រៀមខ្លួនទទួលយកការ មកដល់នៃ ឧស្សាហកម្ម ៤.០។ អាហារូបករណ៍នេះ ជាការផ្តល់សមាជិកភាពរយៈពេល ១ឆ្នាំ ជូនដល់បេក្ខភាពចាត់បញ្ជូន ពីបណ្តាអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ដើម្បីចុះឈ្មោះជាសមាជិក ទៅក្នុងកម្មវិធី OneSala ហើយសិក្ខាកាម អាចធ្វើការស្វ័យសិក្សា នៅក្នុងកម្មវិធីនេះលើ ១៤មុខវិជ្ជា ហើយមានជំនាញ ចំនួន៣ ធំៗ រួមមាន ៖ ជំនាញព័ត៌មានវិទ្យា ,ជំនាញរចនាក្រាហ្វិក និងកាត់តវិដេអូ និងជំនាញកុំព្យុទ័រ សម្រាប់ការងាររដ្ឋបាល ៕

To Top