ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងមិនពិចារណា ជួបចរចាគ្នាជាមួយអាមេរិក 

បរទេស៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក  Ri Son Gwon តាមសេចក្តីរាយការណ៍ បានច្រានចោលភាពអាចកើតមាននៃកិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលថា វានឹងមិនកើតមាននោះទេ។
លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះ បាននិយាយកាលពីល្ងាចថ្ងៃពុធ តាមរយៈទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA យ៉ាងដូច្នេះថា “យើងមិនពិចារណាពីភាពអាចទៅរួចនៃទំនាក់ទំនងគ្នាណាមួយជាមួយសហរដ្ឋអាមេរិកទេ ទុកឲ្យវាធ្វើតែឯង ដែលនឹងមិនផ្តល់ទីណាមួយឲ្យដល់យើងនោះទេ”។

លោក Ri Son Gwon បានពោលយោងតាមសារមួយកាលពីដើមសប្ដាហ៍នេះ ធ្វើឡើងដោយប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គឺអ្នកនាង គីម យូជុង ដែលបាននិយាយថា សហរដ្ឋអាមេរិកនឹងប្រឈមមុខចំពោះការខកចិត្ត ក្នុងការបកស្រាយខុសអំពីឆន្ទរបស់ទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធជំនួបចរចាគ្នា។

ក្រសួងការបរទេសកូរ៉េខាងជើង បានសម្តែងការស្វាគមន៍ចំពោះការថ្លែងរបស់អ្នកនាង គីម យូជុង ហើយលោក Ri Son Gwon បានមានប្រសាសន៍ដោយកត់សម្គាល់ឃើញថា វាជាការច្រានចោលការវិនិច្ឆ័យលឿន ការសន្និដ្ឋាននិងការរំពឹងរបស់សហរដ្ឋអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង


To Top