ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចំណាយ ថវិកា៣៥០លាន ដុល្លារ សម្រាប់ឧបត្ថម្ភ ជូនគ្រួសារក្រីក្រ អំឡុងជំងឺកូវីដ-១៩

ភ្នំពេញ ៖ ចាប់តាំងពីប្រកាស ដាក់ឲ្យដំណើរការ កម្មវិធីអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩មក រហូតដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ៣៥០លានដុល្លារ ក្នុងនោះ មានជាង ៦០ម៉ឺនគ្រួសារ។

ក្នុងពិធីទទួល វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញ ពីក្រុមហ៊ុន ស៊ីណូវ៉ាក់ របស់ចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «រហូតមកដល់ខែនេះ (ខែមិថុនា) ប្រហែលអស់ ៣៥០លានដុល្លារហើយ ទៅលើគ្រួសារប្រហែល ជា៦០ម៉ឺនគ្រួសារ»។

លោក បានបញ្ជាក់ទៀតថា ឥឡូវនេះក្រសួងកំពុងពិនិត្យពិភាក្សា រៀបចំដាក់វិធានការ ឧបត្ថម្ភជូនគ្រួសារក្រីក្រ អំឡុងជំងឺកូវីដ-១៩ ជុំទី៩។ លោកថា ទាំងទិញវ៉ាក់សាំង និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាយ៉ាងច្រើន ផងដែរ។

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដូច្នេះ គិតមកដល់ពេលនេះ ត្រូវអនុវត្តបាន រយៈពេលពេញ១ឆ្នាំ និងទទួលលទ្ធផលល្អប្រសើរ ដោយគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុង ទទួលបានការគាំពារ និងទ្រទ្រង់ជីវភាព រស់នៅប្រចាំថ្ងៃ ពីរាជរដ្ឋាភិបាល ។ កម្មវិធីនេះ ក៏ទទួលបានការសាទរ ពីដៃគូអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអន្តរជាតិ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៦.៨១០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤១.៤៣៩នាក់ និងស្លាប់ ចំនួន ៥២៣នាក់៕

To Top