ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ច្រានចោលពាក្យ​ ចចាមអារាមថា មានការប្រមូលផ្ដុំគ្នា ទៅចាក់វ៉ាក់សាំង ដោយត្រូវបង់ប្រាក់

ភ្នំពេញ ៖ លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រកាសច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្ដុំគ្នា ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយត្រូវបង់ប្រាក់។

ក្រសួងសុខាភិបាល ច្រានចោលបែបនេះ ក្រោយពីមានលេចចេញនូវពាក្យចចាមអារ៉ាមនៅក្នុងស្រទាប់សាធារណជនថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបង់ប្រាក់ក្នុងចំនួនមួយណាមួយមិនច្បាស់លាស់ មានការកៀងគរគ្នាទៅចាក់ដោយបង់ប្រាក់នូវវ៉ាក់សាំងប្រភេទអាស្ដ្រាហ្សេានីកា។

តាមសេចក្ដីប្រកាព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក ស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ជាក់ស្ដែងក្រុមការងារ គ.វ.ក-១៩ បានចុះស្រាវជ្រាវនូវពាក្យដែលបានចែកចាយបន្ដៗគ្នាមកនៅតាមគ្លីនិកឯកជន ឃេីញថា មិនមានភាពច្បាស់លាស់ និងមានការលេីកឡេីងថា និយាយលេងៗ និងឮគេនិយាយតៗគ្នា។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះ ថា «ម្យ៉ាងទៀតមក មកទល់ពេលនេះ មិនមានវ៉ាក់សាំងប្រភេទអាស្ដ្រាហ្សេនីកា ណា ដែលនៅសល់សម្រាប់ចាក់ក្នុងការប្រមូលផ្ដុំគ្នាបែបនេះដែរ ព្រោះបានប្រេីប្រាស់អស់លទ្ធភាព និងហួសសុពលភាពប្រេីប្រាស់ ហេីយក៏មិនមានវ៉ាក់សាំងប្រភេទនេះ មកដល់កម្ពុជាបន្ថែមទៀតដែរ។ ដូច្នេះ គ.វ.ក-១៩ សូមធ្វេីការបដិសេធទាំងស្រុងនូវពាក្យចចាមអារ៉ាមទាំងនេះ»។

សូមបញ្ជាក់ថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ ជូនបុគ្គលដែលមានអាយុ១៨ឆ្នាំឡេីងទៅ និងស្ថិតនៅក្នុងក្រុមអាទិភាពដែលកំណត់ដោយ រាជរដ្ឋាភិបាល កម្ពុជា។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,៩៥៥,០៣៣នាក់។ ដោយឡែក សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៩.៥៥% ហេីយ៕

To Top