ព័ត៌មានជាតិ

ក្រុមហ៊ុន Facebook និងអង្គការ APLE ដាក់ដំណើរការយុទ្ធនាការ #ReportItDontShareIt ដើម្បីប្រយុទ្ធប្រឆាំង នឹងការកេងប្រវ័ញ្ចកុមារ តាមអនឡាញ

ភ្នំពេញ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Facebook និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការមិនមែនរដ្ឋាភិបាល របស់កម្ពុជា បានដាក់ដំណើរការយុទ្ធនាការមួយ ដើម្បីអប់រំសាធារណៈជនអំពីគ្រោះថ្នាក់ ដែលបង្កឡើង ដោយការចែករំលែករូបភាព ឬវីដេអូរំលោភរំពាន ផ្លូវភេទកុមារ និងរបៀបរាយការណ៍មាតិកា ប្រភេទនេះទៅកាន់មន្ត្រី អនុវត្តច្បាប់ និងក្រុមហ៊ុន Facebook។

ក្នុងរយៈពេលមួយឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុន Facebook បានពិគ្រោះយោបល់ ជាមួយក្រុមអ្នកជំនាញល្បីៗ លំដាប់ពិភពលោកខាងផ្នែក កេងប្រវ័ញ្ចកុមារ រួមទាំងមជ្ឈមណ្ឌលជាតិ ទទួលបន្ទុកកុមារ ដែលបាត់ខ្លួន និង ត្រូវបានគេកេងប្រវ័ញ្ច (NCMEC) និង អ្នកស្រីសាស្រ្តាចារ្យ Ethel Quayle ដែលជាអ្នកជំនាញ ផ្នែកចិត្តវិជ្ជាដ៏ល្បីឈ្មោះមួយរូប ក្នុងពិភពលោក ដែលមានជំនាញ ខាងផ្នែក អ្នករំលោភបំពានផ្លូវភេទ ដើម្បីលើកកម្ពស់ការយល់ដឹង របស់ក្រុមហ៊ុនអំពីថា តើហេតុអ្វីបានជាមនុស្ស ចែករំលែកមាតិកាបែបកេងប្រវ័ញ្ចកុមារ ។

មកដល់ពេលបច្ចុប្បន្ននេះ ការស្រាវជ្រាវជាច្រើនអំពីថា តើហេតុអ្វីបានជាមនុស្ស ចូលរួមពាក់ព័ន្ធ នឹងសម្ភាររំលោភបំពាន ផ្លូវភេទកុមារ មានការពាក់ព័ន្ធនឹងការ វាយតម្លៃលើកត្តាផ្លូវចិត្ត របស់មនុស្ស ។ ទោះជាយ៉ាង ណា ការស្រាវជ្រាវ របស់ក្រុមហ៊ុន Facebook មើលទៅលើឥរិយាបថ ដែលកើតមាននៅក្នុងជីវិតប្រចាំ ថ្ងៃរបស់អ្នកប្រើប្រាស់ នៅលើផ្លែតហ្វមនានារបស់ក្រុមហ៊ុន Facebook។

ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃគណនីចំនួន ១៥០ ដែលក្រុមហ៊ុន Facebook បានរាយការណ៍ទៅកាន់មជ្ឈមណ្ឌល NCMEC ដោយសារការទាញចូល (upload) មាតិកាបែបកេងប្រវ័ញ្ចកុមារនៅចន្លោះពីខែកក្កដា និងខែសីហា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ និងបានរកឃើញថា ជាង ៧៥% មិនបានបង្ហាញចេតនា ព្យាបាទទេ (មិនមានបំណង ធ្វើបាបកុមារ) ។ ជំនួសមកវិញ គណនីទាំងនេះទំនងជាចែកចំលែក មាតិកានេះដោយសារ ហេតុផលផ្សេង ដូចជាការខឹងសម្បារ ឬការលេងសើចមិនត្រឹមត្រូវជាដើម។

ក្រុមហ៊ុន Facebook រាយការណ៍ពីករណី កើតឡើងនីមួយៗ នៃមាតិកាបែបកេងប្រវ័ញ្ច កុមារទៅ កាន់មជ្ឈមណ្ឌល NCMEC រួមទាំងមាតិកា ដែលក្រុមហ៊ុនបានឃើញ និងបានដកចេញដោយ ប្រើប្រាស់បច្ចេកវិទ្យា មុនពេលមានអ្នកណាម្នាក់ មើលឃើញមាតិកានោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ។ ការសិក្សានេះក៏បានរកឃើញផងដែរថា ភាគច្រើននៃការ រាយការណ៍ដែលក្រុមហ៊ុន Facebook បានបញ្ចូលទៅកាន់មជ្ឈមណ្ឌល NCMEC មានមាតិកាដូចគ្នា ឬប្រហាក់ប្រហែលគ្នា ។ ៩០% នៃរូបភាពឬវីដេអូអំពីការរំលោភ បំពានផ្លូវភេទកុមារ ដែលត្រូវបានវិភាគនៅក្នុងការសិក្សានេះ ត្រូវបានរកឃើញថា បានចម្លងយកមកប្រើប្រាស់បន្ត មិនមែនមាតិកាប្លែកពីគេ ឬថ្មីឡើយ។

លើសពីនេះទៀត គ្រាន់តែបណ្តាញផ្សព្វផ្សាយព័ត៌មានចំនួន ៦ ចេញផ្សាយជាងពាក់ កណ្តាលនៃមាតិកាបែបកេងប្រវ័ញ្ចកុមារ ដែលក្រុមហ៊ុន Facebook បានរាយការណ៍ទៅកាន់មជ្ឈមណ្ឌល NCMEC ក្នុងអំឡុងពេលដូចគ្នានេះ។

ផ្អែកលើការវិភាគនេះ ក្រុមហ៊ុនបានបង្កើតយុទ្ធនាការនេះឡើង រួមគ្នាជាមួយនឹងដៃគូនានា ដែលធ្វើការងារលើសុវត្ថិភាពកុមារ ដើម្បីជួយកាត់បន្ថយការកើតមានឡើង នូវមាតិកាបែបកេងប្រវ័ញ្ចកុមារ ដែលត្រូវបានគេចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook។

អ្នកនាង Malina Enlund ប្រធានផ្នែកគោលនយោបាយសុវត្ថិភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Facebook បានថ្លែងថា៖ “បើទោះជាទិន្នន័យនេះបង្ហាញថា ចំនួនមាតិកាមិន ស្មើគ្នានឹងចំនួន ជនរងគ្រោះក្តី ក៏ជនរងគ្រោះតែម្នាក់ ក៏មានន័យថាច្រើនដែរ។ ការបង្ការ និងការលុបបំបាត់ការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ តម្រូវឱ្យមានវិធីសាស្រ្តឆ្លងឧស្សាហកម្មមួយ ហើយក្រុមហ៊ុន Facebook ប្តេជ្ញាចិត្តចំពោះការធ្វើការងាររបស់យើងដើម្បីការងារ កុមារទាំងនៅក្នុងនិងក្រៅកម្មវិធី បណ្តាញសង្គមនានា (Apps) របស់យើង។ យើងកំពុងជ្រើស យកវិធីសាស្រ្ត ផ្អែកលើការស្រាវជ្រាវ ដើម្បីបង្កើតដំណោះស្រាយប្រកប ដោយប្រសិទ្ធភាព ដែលរារាំង ដល់ការចែករំលែកសម្ភារ កេងប្រវ័ញ្ចកុមារ”។

លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ APLE បានថ្លែងថា៖ “យើង មានក្តីរីករាយយ៉ាងខ្លាំងដែលបានធ្វើការងារជាមួយក្រុមហ៊ុន Facebook ដើម្បីដាក់ដំណើរការយុទ្ធនាការនេះ ដែលនឹងអាចឱ្យមានការយល់ដឹង កាន់តែប្រសើរអំពីថា តើការចែករំលែក រូបភាពឬវីដេអូ រំលោភបំពានផ្លូវភេទកុមារតាមអនឡាញ មានផលប៉ះពាល់ខ្លាំង ដល់កុមារដែលត្រូវបានបង្ហាញ ក្នុងមាតិកានោះកម្រិតណា និងថា តើមនុស្សពេញវ័យ អាចធ្វើអ្វីបានដើម្បីទប់ស្កាត់ការ ចែកចាយរូបភាពរំលោភបំពានកុមារទាំងនេះ ។ យើងអំពាវនាវ ជាបន្ទាន់ ទៅកាន់សាធារណៈជន ឱ្យចូលរួមគាំទ្រដល់ការបង្ការការ រំលោភបំពានផ្លូវភេទ កុមារតាមអនឡាញ តាមរយៈការចែករំលែកវីដេអូ យុទ្ធនាការនេះ និងរាយការណ៍អំពីបទល្មើស”។

លោកបានបន្ថែមថា យើងទទួលបានការគាំទ្រពីដៃគូនានាក្នុងរដ្ឋាភិបាល រួមមាន ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ដែលជួយផ្សព្វផ្សាយអំពីយុទ្ធនាការនេះ តាមបណ្តាញដ៏ទូលំទូលាយរបស់ពួកគេនៅទូទាំងប្រទេស។

រាយការណ៍វា កុំចែករំលែកវា អ្នកអាចជួយកុមារ បាន តាមរយៈការរាយការណ៍មាតិកា បែបកេងប្រវ័ញ្ចកុមារ ។ ប្រសិនបើកុមារម្នាក់ ស្ថិតក្នុងហានិភ័យ ចូរទូរស័ព្ទ និងរាយការណ៍ករណីនេះ ទៅកាន់នគរបាលតាមរយៈលេខទូរស័ព្ទសង្គ្រោះបន្ទាន់ ១២៨៨ ឬទូរស័ព្ទទៅកាន់អង្គការ APLE ដែលមានលេខ ០៩២ ៣១១ ៥១១ (២៤ម៉ោងក្នុង មួយសប្តាហ៍) ។ ប្រសិនបើអ្នកឃើញរូបភាព បែបរំលោភបំពានកុមារ នៅលើបណ្តាញសង្គម Facebook ចូររាយការណ៍រូបថត ឬវីដេអូនោះទៅកាន់ក្រុមហ៊ុន Facebook និងមន្ត្រីអនុវត្តច្បាប់ ។ ចូរកុំចែករំលែក ទាញយក ឬបញ្ចេញមតិយោបល់ នៅលើមាតិកានោះ។ អ្នកអាចមានទោសពីបទឧក្រិដ្ឋ ចំពោះការចែករំលែក ឬផ្ញើសារដែលមានរូបថត និងវីដេអូបែបរំលោភបំពានផ្លូវភេទ និងកេង ប្រវ័ញ្ចកុមារ។ អ្នកនឹងមិនត្រូវបានស្នើ សុំឱ្យផ្តល់សេចក្តីចម្លង នៃមាតិកានេះនៅក្នុងការរាយការណ៍ណាមួយ ដែលអ្នកដាក់ជូនទៅកាន់ក្រុមហ៊ុន Facebook ទេ ៕

To Top