Covid-19

រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យទទួលផល ប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ១៩

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវវិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឲ្យបារម្ភតាមរយៈការបំប្លែងខ្លួនថ្មី នៃវីរុសកូវីដ-១៩ ដែលការណ៍នេះ បានបង្កើនបន្ថែមនូវសម្ពាធផ្នែក សង្គម-សេដ្ឋកិច្ច ដល់ប្រទេសជាច្រើន នៅលើសកលលោក។

សម្ដេចតេជោមានប្រសាសន៍ថា «ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ វិធានការចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ ជាការពិត ប្រទេសមួយចំនួន បាននិងកំពុងពន្លឿននូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្នុងគោលដៅត្រៀមខ្លួន បើកប្រទេស ក៏ដូចជាទ្រទ្រង់សេដ្ឋកិច្ចឡើងវិញ»។

សម្ដេចតេជោបន្ដថា ចំណែកកម្ពុជាវិញក៏បាននិងកំពុងទទួលវ៉ាក់សាំង តាមរយៈជំនួយ និងការបញ្ជាទិញ ដោយផ្ទាល់ពីក្រុមហ៊ុនផលិតនានា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងទទួលបាននូវវឌ្ឍនភាពវិជ្ជមានគួរឲ្យកត់សម្គាល់ ដោយអនុលោមតាមអភិក្រម «ផ្ការីក» ដែលចាប់ផ្តើមពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយពង្រីកជាជំហានៗ ឆ្ពោះទៅតំបន់ផ្សេងទៀត សំដៅបង្កើតឱ្យបានភាពសុំសង្គម សេដ្ឋកិច្ច នៅត្រឹមឆ្នាំ ២០២១ ។

សម្ដេចតេជោ បន្ដថា ជាក់ស្ដែង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅបន្តអូសបន្លាយ ពេលវេលា និងពង្រីកវិសាលភាព នៃការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ដែលញាំងឱ្យរាជរដ្ឋាភិបាលបន្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន និងសម្រេចដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នានា ។ ទោះជាយ៉ាង នេះក្តី, វិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យអាកាសចរណ៍, វិស័យទេសចរណ៍ (សណ្ឋាគារ និងភោជនីយដ្ឋានជាដើម) នៅតែបន្តរងផលប៉ះពាល់ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ ។ បន្ថែមពីលើនេះ, ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេស គ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏នៅតែបន្តប្រឈមនឹង បញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ៕

To Top